ដុំភ្លើងមួយដុំធំ “ភ្លឺជាងព្រះចន្ទ” បានហោះកាត់អាកាសនៃប្រទេសអេស្ប៉ាញ នៅវេលាកណ្ដាលយប់ក្នុងល្បឿន ៧៣.០០០/ម៉ោង។ ដុំភ្លើងនេះត្រូវបានគេជឿថាជាអាចម៍ផ្កាយ។

/

ដុំភ្លើងយក្ស ត្រូវគេប្រទះឃើញ ហោះកាត់អាកាស​របស់ប្រទេស​អេស្ប៉ាញ

ដុំភ្លើងនេះត្រូវបានអ្នកវិទ្យាសាស្ដ្រអេស្ប៉ាញប្រទះឃើញនៅវេលាម៉ោង ២២និង២៥នាទី កាលពីថ្ងៃទី១១ធ្នូ នៅពេលវាហោះកាត់អាកាសរបស់ខែត្រមួយចំនួននៅភាគខាងត្បូង រួមមានខែត្រ Andalucia, Granada និង Jaen នេះបើតាមទំព័រ RT។ តារាវិទូ Jose Maria Madiedo មកពីសកលវិទ្យាល័យ Huelva យល់ថា ដុំភ្លើងនេះ គឺជាផ្នែកមួយនៃអាចម៍ផ្កាយ។ Madiedo និយាយថា “វាត្រូវតែមានទំហំធំគួរសម ទើបអាចនៅសេះសល់បន្ទាប់ពីហោះឆ្លងកាត់បរិយាកាសរបស់ផែនដី”។

សាក្សីជាច្រើនបានឱ្យដឹងថា ពួកគេឮសម្លេងផ្ទុះខ្លាំង នៅពេលមានដុំភ្លើងបង្ហាញខ្លួន និងមានអារម្មណ៍ថា ញាប់ញ័រ ដូចទៅនឹងរញ្ជួយដី។ ដុំភ្លើងនេះ “ភ្លឺជាងព្រះចន្ទ” ទៅទៀត។

សាស្ដ្រាចារ្យ Madiedo ឱ្យដឹងថា អាចម៍ផ្កាយនេះត្រូវបានរកឃើញដោយប្រព័ន្ធកាមេរ៉ារបស់សកលវិទ្យាល័យ Huelva ដែលត្រូវបានបំពាក់នៅក្នុងស្ថានិយចំនួន១០ នៅ Andalusia និង Castilla។ ដុំភ្លើងនេះក៏ត្រូវបានគេពិនិត្យមើល នៅឯស្ថានិយតារាសាស្ដ្រនៅតំបន់ផ្សេងៗផងដែរ។

គួររំលឹកថា កាលពីថ្ងៃទី ៦ធ្នូ ក៏មានវត្ថុមួយដូចទៅនឹងអាចម៍ផ្កាយ បានផ្ទុះ និងចែងចាំងពន្លឺនៅលើអាកាសនៃតំបន់ Siberia បណ្ដាលឱ្យស្បៃរាត្រីប្រែក្លាយទៅជាភ្លឺដូចថ្ងៃមួយរំពេច។

ប្រែសម្រួល ៖ តារាប្រភព ៖ RT