បណ្ដារលកសញ្ញាចម្លែក បានលេចចេញពីផ្កាយមួយដែលមានលក្ខណៈស្រដៀងព្រះអាទិត្យ ដែលមានឈ្មោះថា HD 164595 មានចម្ងាយពីផែនដី ៩៥ឆ្នាំពន្លឺ។

/

ផ្កាយ HD 164595 ស្ថិតក្នុងកញ្ចុំផ្កាយ Hercules ដែលមានចម្ងាយពីផែនដី ចំនួនប្រហែល ៩៥ឆ្នាំពន្លឺ 

ក្រុមអ្នកវិទ្យាសាស្ដ្រ មានការសប្បាយចិត្ត នៅពេលទទួលបានរលកសញ្ញាវិទ្យុពីផ្កាយមួយដែលស្រដៀងនឹងព្រះអាទិត្យ។ ផ្កាយនេះ ត្រូវបានគេដាក់ឈ្មោះថា HD 164595 ដែលស្ថិតក្នុងកញ្ចុំផ្កាយ Hercules ដែលមានចម្ងាយពីផែនដី ចំនួនប្រហែល ៩៥ឆ្នាំពន្លឺ (មួយឆ្នាំពន្លឺមានចម្ងាយ 9.460.730.472.580,8 km)។

យោងតាមការវាយតម្លៃរបស់អ្នកវិទ្យាសាស្ដ្រ នោះអាចជាលទ្ធផលនៃបាតុភូតធម្មជាតិ ប៉ុន្តែ ក្រុមតារាវិទូបានស្នើឱ្យ SETI (អង្គការស្វែងរកជីវិតក្រៅផែនដី) តាមដានឱ្យបានយ៉ាងល្អិតល្អន់ទៅលើរលកសញ្ញាវិទ្យុខាងលើ។

/

រលកសញ្ញាវិទ្យុដែលអ្នកវិទ្យាសាស្ដ្រ​ទទួលបាន​ពី​ផ្កាយ HD 164595

 

SETI នឹងប្រើប្រាស់កែវពង្រីកអវកាស Allen នៅ California ខាងជើង និងប្រព័ន្ធតេឡេស្កូប SETI Boquete នៅ Panama ដើម្បីតាមដាន់ផ្កាយ HD 164595។ ប្រភពព័ត៌មានឱ្យដឹងថា អ្នកវិទ្យាសាស្រ្ដបានទទួលរលកសញ្ញាដំបូង កាលពីថ្ងៃទី ១៥ឧសភាឆ្នាំ ២០១៥ ដោយកែវពង្រីកអវកាស RATAN-600 នៅ Zelenchukskaya ។

HD 164595 ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុមអ្នកវិទ្យាសាស្ដ្រ ព្រោះផ្កាយនេះ មានលក្ខណៈស្រដៀងនឹងព្រះអាទិត្យ ហើយមានភពយ៉ាងតិចមួយ វិលជុំវិញផ្កាយនេះ។ ផ្កាយ HD 164595 មានអាយុកាលក្មេងជាងព្រះអាទិត្យប្រហែល ១០០លានឆ្នាំ។

/

SETI (អង្គការស្វែងរកជីវិតក្រៅផែនដី) នឹងតាមដានយ៉ាងល្អិតល្អន់ទៅលើរលកសញ្ញាវិទ្យុខាងលើ។

 

Gilster អ្នកវិទ្យាសាស្ដ្រនៅ Centauri Dreams សង្កត់ធ្ងន់ថា “មិនមានអ្នកណាម្នាក់ដឹងប្រាកដថា មានមនុស្សភពផ្កាយរស់នៅក្រៅផែនដី ប៉ុន្តែ វា (HD 164595) ប្រាកដជាមានតម្លៃសម្រាប់ឱ្យយើងធ្វើការស្រាវជ្រាវ”៕

ប្រែសម្រួល ៖ បុត្រាប្រភព ៖ CNN