គម្រោងនេះ នឹងត្រូវចំណាយពេល ១០ឆ្នាំ ក្នុងការសាងសង់ ដោយប្រើ​ថវិកាប្រហែល ពី ១០ ទៅ ១៥ពាន់លានដុល្លារអាមេរិក។

ការបង្កើតប្រព័ន្ធ WiFi ពីផែនដី ទៅភពអង្គារ គឺជាគម្រោងដ៏អស្ចារ្យមួយដែលលើកឡើងដោយមហាសេដ្ឋីវ័យក្មេង Elon Musk ដែលលោក ត្រូវបានគេដឹងថា ជាមនុស្សម្នាក់ ហ៊ានគិតហ៊ានធ្វើ នូវគម្រោងដែលមានវិសាលភាពលំដាប់ពិភពលោក និងក្រៅពិភពលោក។ ជាក់ស្ដែងដូចជា គម្រោង SpaceX ឬក្រុមហ៊ុនរថយន្ដ Tesla របស់លោក បានទទួលជោគជ័យគួរឱ្យកត់សម្គាល់ និងមានឥទ្ធិពលខ្លាំងក្លា សម្រាប់មនុស្សជាតិ។

/

មហាសេដ្ឋី Elon Musk ជា​អ្នក​នាំ​មុខ​គេ ក្នុងវិស័យ​អវកាស

បច្ចុប្បន្ន មហាសេដ្ឋីខាងលើ រួមនឹងសហការីរបស់ខ្លួន បានបង្កើតគម្រោងខាងលើនេះ ហើយតាមផែនការ គម្រោងនេះនឹងស៊ីពេល ៥ឆ្នាំក្នុងការសាងសង់ប្រព័ន្ធ ហើយសម្រេចជាស្ថាពរ ក្នុងអំឡុង ១០ឆ្នាំបន្តទៀត។ ប្រាក់ចំណាយសរុបសម្រាប់គម្រោងនេះ គឺប្រមាណពី ១០ ទៅ ១៥ពាន់លានដុល្លារអាមេរិក បន្ទាប់មក ប្រាក់ចំណេញទាំងអស់នឹងត្រូវបានប្រើប្រាស់សម្រាប់បេសកកម្មរុករកនៅលើភពព្រះអង្គារ។

តាមគម្រោងការ ក្រុមរបស់មហាសេដ្ឋី Elon Musk នឹងបាញ់បង្ហោះផ្កាយរណបចំនួនរាប់រយ ទៅក្នុងគន្លងគោចរ ដែលមានកំពស់ ប្រហែល ១.២០០គីឡូម៉ែត្រ ជុំវិញផែនដី ទាបជាងបើធៀបនឹង ៣៥.៤០០គីឡូម៉ែត្រ របស់បណ្ដាផ្កាយរណបទូរគមនាគមន៍បច្ចុប្បន្ន។

/

ម្ចាស់​ក្រុម​ហ៊ុន​អវកាស SpaceX គឺ​ជា​មនុស្ស​ហ៊ាន​គិតហ៊ាន​ធ្វើ

ការបង្កើតប្រព័ន្ធអ៊ីនធឺរណែតដែលមានកម្រិតវិសាលភាពធំទូលាយបែបនេះ នឹងនាំមកនូវល្បឿនលឿនសម្រាប់ការបញ្ជូន និងទទួលទិន្នន័យរបស់អ្នកប្រើប្រាស់ប្រមាណជា ៣ពាន់លាននាក់ នៅលើពិភពលោក និងនៅលើភពអង្គារ។

មហាសេដ្ឋី  Elon Musk ថ្លែងថា “ការបង្កើតប្រព័ន្ធទំនាក់ទំនងនៅលើភពព្រះអង្គារ គឺជារឿងដ៏សំខាន់។ ខ្ញុំគិតថា វាគួរតែត្រូវបានគេអនុវត្ត ហើយខ្ញុំក៏មិនទាន់ឃើញមានអ្នកណាម្នាក់ ធ្វើរឿងនេះ”។

/

Google ក៏​ធ្លាប់​បាន​ និង​កំពុង​អនុវត្ត​គម្រោង​អ៊ិនធឺរ​ណែតដ៏​អស្ចារ្យ​មួយ ប៉ុន្ដែ វា​មាន​កំណត់​ត្រឹម​នៅ​លើ​ផែន​ដី

គួររំលឹកថា មុននេះ Google ក៏ធ្លាប់បានប្រកាសអំពីគម្រោង គ្របដណ្ដប់អ៊ីនធឺរណែត នៅទូទាំងពិភពលោក ដោយប្រើបាល់ឡុងហោះដែលប្រើប្រាស់ថាមពលព្រះអាទិត្យ ប៉ុន្ដែ គម្រោងនេះ មានកំណត់ត្រឹមតែនៅលើផែនដី។ ពេលនេះ ការប្រកាសរបស់មហាសេដ្ឋី Elon Musk ត្រូវបានគេយល់ថា ជាគម្រោងដ៏អស្ចារ្យជាងគេ នៅពេលអ៊ីនធឺរណែត ត្រូវបានពង្រីកទៅក្នុងអវកាស និងភពព្រះអង្គារ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ businessweek