តាមគម្រោង NASA នឹងអភិវឌ្ឍប្រព័ន្ធ​ទូរគមនាគមន៍ សម្រាប់ទំនាក់ទំនង​រវាង​បណ្ដា​ភព​ក្នុងប្រព័ន្ធព្រះអាទិត្យ ដោយវាមានមុខងារ​ដូចទៅនឹងប្រព័ន្ធអ៊ីនធឺរណែត​នៅលើផែនដី។

យោងតាម UPI អង្គការ NASA កំពុងតែដំឡើង​សបវ៉ែរនៅលើស្ថានិយអវកាសអន្តរជាតិ(ISS) ដើម្បីជួយឱ្យការទំនាក់ទំនង​ប្រព្រឹត្តិទៅបានល្អ និងងាយស្រួលជាងមុន។ ប្រការនេះក៏នឹង​បង្កើតបានជាគ្រឹះមួយដើម្បី​បង្កើត​ប្រព័ន្ធអ៊ីនធឺរណែត​ដែលគ្របដណ្ដប់ទូទាំងប្រព័ន្ធព្រះអាទិត្យ​នាពេលអនាគត។

/

ប្រព័ន្ធ​ទូរគមនាគមន៍រវាង​បណ្ដាភពក្នុងប្រព័ន្ធព្រះអាទិត្យ (រូបភាព NASA)

វិធីបញ្ជូនព័ត៌មានថ្មី ត្រូវបានគេហៅថា ប្រព័ន្ធទប់ទល់នឹងការ​រអាក់រអួល (Disruption Tolerant Networking - DTN) ដែលត្រូវបានបន្ថែមពីលើប្រព័ន្ធ TReK (Telescience Resource Kit) របស់ ISS។ TReK គឺជាប្រព័ន្ធ​សបវ៉ែរ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់​ផ្ញើ និងទទួលព័ត៌មានពីមូលដ្ឋាននៅលើដី ទៅចំនុចបញ្ជូនសញ្ញានៅ ISS ដែលមានចម្ងាយ ៤០០​គីឡូម៉ែត្រ​ពីផែនដី។

នៅលើផែនដី ព័ត៌មាន​ត្រូវបានបញ្ជូនពីកន្លែងមួយទៅកន្លែងមួយ នៅលើប្រព័ន្ធអ៊ីនធឹរណែត តាមរយៈបណ្ដា node ឬទីតាំងប្រសព្វដើម្បីបញ្ជូន និងទទួលព័ត៌មាន។ វាត្រូវការការតភ្ជាប់ជា​បន្តបន្ទាប់ ក្នុងពេលបញ្ជូន និងទទួលទិន្នន័យ។

ក្នុងអវកាស ការបញ្ជូន និងទទួលទិន្នន័យ អាចនឹងត្រូវរអាក់រអួល ដោយសារតែផ្កាយរណប និងបណ្ដាភព មានការបម្លាស់ទីជាបន្តបន្ទាប់។ ចំពោះប្រព័ន្ធ DTN បណ្ដាទិន្នន័យ​នឹងត្រូវបញ្ជូនទៅតាមជំហានលោតខ្លីៗ​រវាង​បណ្ដា node ដែលអាចជាផ្កាយរណប ឬមូលដ្ឋានបញ្ជូនបន្ត។ DTN រក្សាទុកទិន្នន័យ ហើយវានឹងបញ្ជូនទៅ លុះណាតែ​ node មួយបានតភ្ជាប់ដោយសុវត្ថិភាពជាមួយនឹង node បន្ទាប់។ ដូច្នេះហើយ ទើបវាអាចជួយ​ឱ្យកញ្ចប់ទិន្នន័យមិនត្រូវបាត់បង់ ហើយកំហុសឆ្គងក៏កើតឡើងក្នុងកម្រិតទាប។

វិធីបញ្ជូនទិន្នន័យ​ថ្មីនេះ នឹងត្រូវបានគេដំឡើងនៅលើផែនដី​ក្នុងពេលឆាប់ៗខាងមុខ ពិសេសគឺកន្លែងអ៊ីនធឺរណែតមានការរអាក់រអួល ដូចជាតំបន់មានព្យុះភ្លៀង។ល។ ហើយមិនយូរប៉ុន្មាននោះទេ​ ប្រព័ន្ធនេះនឹងត្រូវបានបំពាក់នៅលើបណ្ដាភពក្នុងប្រព័ន្ធព្រះអាទិត្យ​។

វិធីដំណើរការរបស់ប្រព័ន្ធថ្មី ដែលហៅថា Disruption Tolerant Networking

Vinton Gray Cerf អគ្គនាយករង​របស់ Google បាន​ឱ្យដឹងថា ៖ “បទពិសោធ​របស់យើងខ្ញុំ​ជាមួយប្រព័ន្ធ DTN នៅលើស្ថនិយអវកាសអន្តរជាតិ គឺនាំឱ្យមានការប្រើប្រាស់ផ្សេងៗនៅលើផែនដី ពិសេស​គឺការបញ្ជូនព័ត៌មាន​បែបចល័ត ក្នុងនោះ បណ្ដា​តំណភ្ជាប់ អាចនឹងមិនមានស្ថេរភាព និងខ្វះខាតជាបន្តបន្ទាប់”។

ប្រែសម្រួល ៖ តារា