តេឡេស្កូប Parkes របស់ប្រទេសអូស្ដ្រាលី នឹងចូលរួមក្នុងគម្រោង Breakthrough Listen ដើម្បីស្វែងរកមនុស្សភពផ្កាយ និងបាតុភូតធម្មជាតិផ្សេងៗ។

/

តេឡេស្កូបវិទ្យុ Parkes មានទីតាំងនៅ New South Wales ប្រទេសអូស្ដ្រាលី 

តេឡេស្កូប Parkes ដែលមានទីតាំងនៅអូស្ដ្រាលីរបស់អង្គការស្រាវជ្រាវផ្នែកវិទ្យាសាស្ដ្រ និងឧស្សាហកម្មជាតិ (CSIRO) ចាប់ផ្ដើមចូលរួមក្នុងគម្រោង Breakthrough Listen ដែលជាគម្រោងស្រាវជ្រាវធំបំផុតក្នុងការស្វែងរកមនុស្សភពផ្កាយ នេះបើតាម IFL Science ចេញ ផ្សាយកាលពីថ្ងៃទី ៨វិច្ឆិកា។

Breakthrough Listen ធ្វើការស្រាវជ្រាវទៅលើបណ្ដាផ្កាយដើម្បីស្វែងរករលកវិទ្យុមិនធម្មតាដែលអាចជាសញ្ញារបស់សត្វឆ្លាតវៃនៅខាងក្រៅផែនដី។ ប៉ុន្តែ ការស្វែងរកមនុស្សភពផ្កាយ គ្រាន់តែជាផ្នែកមួយនៃភារកិច្ចតែប៉ុណ្ណោះ។

បណ្ឌិត Bailes អ្នកសម្របសម្រួលវិទ្យាសាស្ដ្រជនជាតិអូស្ដ្រាលីនៃគម្រោង Breakthrough បានឱ្យដឹងថា “ប្រព័ន្ធស្វែងរកនៅលើ Parkes ក៏នឹងស្វែងរកបណ្ដាបាតុភូតធម្មជាតិនានា ដូចជាការផ្ទុះរលកវិទ្យុល្បឿនលឿន។ល។ នេះគឺជាខ្លឹមសារសំខាន់ក្នុងកិច្ចការបច្ចុប្បន្នរបស់ Parkes។ ក្រុមអ្នកវិទ្យាសាស្ដ្រអូស្ដ្រាលីបានអបអរនូវឱកាសដើម្បីចែករំលែកទិន្នន័យរបស់ Breakthrough Listen ជាមួយនឹងគម្រោងផ្សេងៗដែលកំពុងដំណើរការ”។

តេឡេស្កូប Parkes ចាប់ផ្ដើមដំណើរការគម្រោង Breakthrough Listen កាលពីថ្ងៃទី ៨វិច្ឆិកា ក្រោយពីបានដំណើរការសាកល្បងរយៈពេល ១៤ថ្ងៃ។ គោលដៅដែលត្រូវបានជ្រើសរើសដំបូងគេ នោះគឺ Proxima b ដែលជាភពមួយនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ ដែលមានទំហំប្រហាក់ប្រហែលនឹងផែនដី។ ភពនេះ វិលជុំវិញ Proxima Centauri ដែលជាផ្កាយមួយនៅក្បែរព្រះអាទិត្យបំផុត និងមានចម្ងាយពីផែនដីត្រឹមតេ ៤,២ឆ្នាំពន្លឺ។

បណ្ឌិត Andrew Siemion អគ្គនាយកមជ្ឈមណ្ឌលស្វែងរកសត្វឆ្លាតវៃនៅក្រៅផែនដី (SETI) នៅសកលវិទ្យាល័យ California, Berkeley ដែលជាអ្នកគ្រប់គ្រងគម្រោងវិទ្យាសាស្ដ្រ Breakthrough Listen ថ្លែងថា “ពេលដែលយើងដឹងថា មានភពមួយនៅក្បែរ យើងត្រូវតែស្វែងយល់អំពីវា។ Proxima-b សមស្របដើម្បីក្លាយជាគោលដៅដំបូងរបស់ Parkes។ ការរកឃើញសត្វដែលនៅឆ្ងាយពីផែនដីត្រឹមតែ ៤,២ឆ្នាំពន្លឺ អាចផ្លាស់ប្ដូរទាំងស្រុង”។

/

ភព Proxima-b ដែលមានចម្ងាយ​ពីផែនដី ៤,២ឆ្នាំពន្លឺ គឺជាគោលដៅ​ដំបូងគេ​របស់ Parkes

គម្រោង Breakthrough Listen ត្រូវបានឧបត្ថម្ភដោយអ្នកជំនួញជនជាតិរុស្ស៊ី ឈ្មោះ Yuri Milner និងជាផ្នែកមួយរបស់ Breakthrough Initiatives ដែលជាបណ្ដាគម្រោងដើម្បីជួយឱ្យមនុស្សមានការរីកចម្រើនក្នុងការសិក្សាស្រាវជ្រាវបណ្ដាផ្កាយក្នុងអវកាស។ Milner មានការសប្បាយចិត្ត នៅពេលតេឡេស្កូប Parkes ចូលរួមគម្រោងជាមួយនឹងតេឡេស្កូបវិទ្យុពីររបស់អាមេរិក និងតេឡេស្កូបវិទ្យុធំបំផុតនៅលើលោករបស់ប្រទេសចិន។

Milner ថ្លែងថា “បណ្ដាឧបករណ៍នេះគឺជា “ត្រចៀក” របស់ផែនដី។ ពួកវាកំពុងតែស្ដាប់នូវសញ្ញានៃបណ្ដាមនុស្សនៅភពផ្កាយ”៕

ប្រែសម្រួល ៖ តារាប្រភព ៖ sci-news