ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ទើបតែបានចាប់ផ្ដើមកម្មវិធី ExoMars ហើយតាមរយៈនេះ យានអវកាស Schiaparelli នឹងត្រូវបានបាញ់បង្ហោះឡើងទៅកាន់អវកាស និងធ្វើដំណើរឆ្ពោះទៅកាន់ភពព្រះអង្គារនៅថ្ងៃទី ១៩តុលាខាងមុខ។

ExoMars គឺជាបេសកកម្មទៅកាន់ភពព្រះអង្គាររបស់ ESA ត្រូវបានឧទ្ទេសនាមកាលពីថ្ងៃទី ១៤មិនាកន្លងទៅ។ យានដំបូងរបស់បេសកកម្មនេះ គឺយានអវកាសចុះចត Schiaparelli និងយានតាមដានគន្លងគោចរ Trace Gas Orbiter។ នៅពេលយានតាមដានគន្លងគោចរបានទៅដល់គន្លងគោចររបស់ភពព្រះអង្គារ ៣ថ្ងៃក្រោយមក យាន Schiaparelli នឹងត្រូវបានទម្លាក់ចុះ និងចុះចតនៅលើភពក្រហមនេះ។

ខណៈដែលយាន Schiaparelli នឹងពិនិត្យទៅលើដីរបស់ភពព្រះអង្គារ យាន Trace Gas Orbiter នឹងហោះជុំវិញភពនេះ ដើម្បីពិនិត្យមើលពីចម្ងាយ និងវិភាគទៅលើបរិយាកាសរបស់ភពនេះ។

យាន Schiaparelli នឹងចុះចតនៅក្នុងតំបន់វាលរាប Meridiani Planum របស់ភពអង្ការ។ ពីគន្លងគោចរ យាន Schiaparelli នឹងត្រូវបានទម្លាក់ចុះក្នុងល្បឿន ២១.០០០គីឡូម៉ែត្រ/ម៉ោង ក្រោយមកវានឹងបន្ថយល្បឿនក្នុងរយៈពេល៦នាទីដើម្បីចុះចតដោយសុវត្ថិភាព។
បន្ទាប់ពីបានចុះចតដោយសុវត្ថិភាព យាន Schiaparelli នឹងសិក្សាស្រាវជ្រាវអំពីល្បឿន និងទិសខ្យល់ សំណើម សម្ពាធ សីតុណ្ហភាព និងប្រការជាច្រើនទៀតអំពីភពព្រះអង្គារ។ ទិន្នន័យដែលប្រមូលបាននឹងត្រូវបានបញ្ជូនទៅកាន់យាន Trace Gas Orbiter ដែលកំពុងហោះហើរជុំវិញភពអង្គារ។ នេះគឺជាបេសកកម្មទីមួយរបស់កម្មវិធី ExoMars ដើម្បីបើផ្លូវឱ្យបេសកកម្មបន្តបន្ទាប់ដែលនឹងឡើងទៅកាន់ភពព្រះអង្គារនាពេលអនាគត៕
ប្រែសម្រួល ៖ បុត្រាប្រភព ៖ Space