ផែនដីដែលមនុស្សយើងកំពុងរស់នៅនេះ គឺបានកើតឡើងដោយការប៉ះទង្គិចគ្នារវាងភពពីរ គឺផែនដី និងភព Theia ។

/

ព្រះចន្ទគឺជាបំណែកមួយរបស់ភពមួយដែលមានឈ្មោះថា Theia ដែលបានប៉ះទង្គិចជាមួយផែនដី 

ក្រុមអ្នកវិទ្យាសាស្ដ្របានសន្និដ្ឋានដូចខាងលើនេះ បន្ទាប់ពីបានធ្វើការសិក្សាស្រាវជ្រាវ និងពិសោធ ៖ ផែនដី តាមពិតគឺជាភពពីរដែលរួមបញ្ចូលគ្នា ក្រោយពីមានការប៉ះទង្គិចគ្នាដ៏ធំមួយ ធំរហូតដល់បានបង្កើតឱ្យមានព្រះចន្ទ។

មុននេះ គេនៅតែជឿថា ព្រះចន្ទគឺជាបំណែកមួយរបស់ភពមួយដែលមានឈ្មោះថា Theia ប៉ះទង្គិចជាមួយផែនដី បំណែកមួយរបស់ភព Theia បានខ្ទាតចេញ និងត្រូវទាញមកក្បែរដោយទំនាញរបស់ផែនដី។ ដូច្នេះហើយ ទើបយើងមានព្រះចន្ទដូចសព្វថ្ងៃនេះ។

សម្មតិកម្មនេះត្រូវ បើសិនធាតុនានានៅលើព្រះចន្ទ ខុសពីផែនដី ព្រោះវាជាផ្នែកមួយរបស់ភព Theia។ ប៉ុន្តែ បណ្ដាលទ្ធផលនៃការសិក្សាស្រាវជ្រាវបានឱ្យយើងដឹងថា មានការខុសគ្នា។ បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ដ្រនៅសកលវិទ្យាល័យ California សិក្សាទៅលើដីដែលយកពីព្រះចន្ទក្នុងបេសកកម្ម Apollo ពួកគេរកឃើញថា ដីទាំងនេះមានអ៊ីសូតូបអ៊ុកស៊ីហ្សែនដូចទៅនឹងធាតុដីនៅលើផែនដី។

/

សាស្ដ្រាចារ្យ Edward Young 

ប្រការនោះ មានន័យថា ភព Theia និងភពផែនដី បានប៉ះទង្គិចគ្នាខ្លាំង រហូតដល់បានក្លាយទៅជាភពតែមួយ ហើយបំណែកធំដែលខ្ទាតចេញ ក៏បានក្លាយជាព្រះចន្ទដូចសព្វថ្ងៃ។

ប្រធានក្រុមអ្នកសិក្សាស្រាវជ្រាវ លោក Edward Young បានឱ្យដឹងថា “យើងខ្ញុំមិនបានរកឃើញចំនុចខុសគ្នាណាមួយរវាងអ៊ីសូតូបអ៊ុកស៊ីហ្សែននៅលើផែនដី និងព្រះចន្ទ។ វាដូចគ្នាទាំងស្រុង។ ភព Theia បានរលាយចូលក្នុងភពផែនដី និងព្រះចន្ទ។ នោះគឺជាមូលហេតុដែលយើងមិនអាចរកឃើញភាពខុសគ្នារបស់ Theia នៅលើព្រះចន្ទ បើធៀបនឹងផែនដី”។

/

ថ្មដែល​គេ​យក​មកពី​ឋានព្រះចន្ទ ក្នុងបេសកកម្ម​ Apollo

ការសន្និដ្ឋានរបស់អ្នកវិទ្យាសាស្ដ្រ បានឱ្យដឹងថា ភព Theia បានប៉ះទង្គិចនឹងភពផែនដី ប្រហែល ៤,៥ពាន់លានឆ្នាំមុន គឺប្រហែល ១០០លានឆ្នាំ ក្រោយពេលផែនដីបានកកើតឡើង៕

ប្រែសម្រួល ៖ តារាប្រភព ៖ Telegraph