ភ្នំពេញៈ អគ្គិភ័យមួយ បានធ្វើឱ្យរោងចក្រ កាត់ដេរ យូអេសអេ ហូលីហ្វៀល ដែលសិ្ថតនៅ សង្កាត់ចង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឆាបឆេះ មួយភ្លេត កាលពីវេលាម៉ោង៣ និង៣០នាទី រសៀល ថ្ងៃទី១៩ ខែកុម្ភៈ (មុននេះបន្តិច) ហើយក៏បានរលត់ទៅវិញ ក្រោយពេល ដែលរថយន្ត ពន្លត់អគ្គិភ័យ បានទៅដល់មួយសន្ទុះ ។

យោងតាមសេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា អគ្គិភ័យមួយចំអិនកំពឹសនេះ បានបង្កឡើង ដោយជាងផ្សារដំបូល រោងចក្រ មិនប្រយ័ត្ន ធ្វើឱ្យកម្ទេចភ្លើង ធ្លាក់ចុះមកក្រោម ត្រូវជាមួយនឹងពូក បណ្តាលឱ្យ ឆេះឡើងភ្លាមៗ ផ្អើលដល់កម្មករ កម្មការិនី រោងចក្រតែម្តង ។ លុះមានការអន្តរាគមន៍ភ្លាមៗ ពីអភិបាលខណ្ឌមានជ័យ លោក គួច ចំរើន រួមទាំងអាជ្ញាធរសង្កាត់ ក៏ដូចជាកម្លាំងពន្លត់ អគ្គិភ័យ រាជធានីភ្នំពេញ ដែលមាន រថយន្តពន្លត់អគ្គិភ័យចំនួន៤ បានទៅដល់ និងបាញ់ពន្លត់អស់តែ មួយគ្រឿងប៉ុណ្ណោះ ភ្លើងក៏រលត់តែម្តង។ អគ្គិភ័យនេះ មិនបណ្តាល ឱ្យកម្មករ កម្មការិនី ណាម្នាក់រងរបួសនោះទេ ។

គួរបញ្ជាក់ ប៉ុន្មានថ្ងៃមកនេះ នៅរាជធានីភ្នំពេញ មានករណីអគ្គិភ័យឆេះ ផ្ទះប្រជាពលរដ្ឋ ជាញឹកញយ ហើយកាលពីយប់មិញនេះ (ថ្ងៃទី១៨ ខែកុម្ភៈ) ក៏មានអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ចំនួន៣ករណីដែរ ប៉ុន្តែពុំបានធ្វើឱ្យ ប្រជាពលរដ្ឋរងរបួស នោះទេ ៕

Photo

Photo

Photo

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល