ក្រុមហ៊ុន Apple បន្តជួបបញ្ហាលំបាក ក្នុងការលក់ផលិតផលថ្មីរបស់ខ្លួននៅក្នុងប្រទេសចិន។
ក្រុមហ៊ុនមួយនៅក្នុងក្រុង Nanyang នៃខែត្រ Henan ប្រទេសចិន ទើបតែចេញបទបញ្ជាមួយដែលហាមមិនឱ្យបុគ្គលិករបស់ខ្លួន ទិញស្មាតហ្វូនថ្មីបំផុតរបស់ Apple ដោយព្រមានថានឹងបញ្ឈប់ការងាររាល់បុគ្គលិកណាដែលទិញផលិតផលនេះ។

ក្រុមហ៊ុនមួយនៅចិន ហាមមិនឱ្យបុគ្គលិករបស់ខ្លួនទិញ ឬប្រើ iPhone 7 ហើយស្នើឱ្យគាំទ្រផលិតផលក្នុងស្រុក
ខ្លឹមសារនៃសេចក្ដីប្រកាសពីក្រុមហ៊ុន ឱ្យដឹងថា ៖ “យោងតាមការសម្រេចរបស់គណៈគ្រប់គ្រង បុគ្គលិកទាំងអស់ ត្រូវបានហាមមិនឱ្យទិញ និងប្រើប្រាស់ iPhone 7 ក៏ដូចជា iPhone 7 Plus។ អ្នកណាក៏ដោយ បើបំពានលើការសម្រេចនេះ នឹងត្រូវបានបញ្ឈប់ពីការងារភ្លាម”។
ខ្លឹមសារបន្តថា “មិត្តរួមការងារជាទីមេត្រី បើសិនហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់យើងកំពុងតែរឹងមាំ ចូរប្រើប្រាស់វាដើម្បីថែទាំសុខភាពញាតិ យកចិត្តទុកដាក់បន្ថែមទៅលើបញ្ហាអប់រំកូនចៅរបស់យើង។ ចូរគោរពទៅលើជីវភាពនេះ ហើយរួមចំណែកជួយជាតិឱ្យកាន់តែខ្លាំងក្លា។ ចូរកុំចំណាយកម្លាំងញើសឈាមរបស់អ្នកទៅលើសម្ភារៈដែលមានតម្លៃ ព្រោះវាមានតែធ្វើឱ្យអ្នកខាតបង់ប្រាក់កាស់”។
ប្រភពព័ត៌មានបានឱ្យដឹងថា គណៈគ្រប់គ្រងរបស់ក្រុមហ៊ុននេះ ក៏បានស្នើឱ្យបុគ្គលិក ឈប់ប្រើប្រាស់ផលិតផលរបស់ជប៉ុន និងអាមេរិក ដោយជំនួសមកវិញនូវផលិតផលក្នុងស្រុក។
អ្នកប្រហែលជាគិតថា ក្រុមហ៊ុនមួយដែលហាមមិនឱ្យបុគ្គលិកប្រើប្រាស់ផលិតផលរបស់ Apple គឺមិនមានផលប៉ះពាល់ដល់ក្រុមហ៊ុននេះ។ ប៉ុន្តែ ជាក់ស្ដែងនេះមិនមែនជាលើកទីមួយទេដែលផលិតផលរបស់ Apple ត្រូវបានគេហាមប្រើនៅប្រទេសចិន។ មុននេះ ក្រុមហ៊ុន Apple ក៏ធ្លាប់ត្រូវបានគេប្ដឹងជាច្រើនលើកទាក់ទឹននឹងបញ្ហាកម្មសិទ្ធិបញ្ហានៅប្រទេសនេះ។ iPhone 6 និង iPhone 6 Plus របស់ Apple ធ្លាប់ត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញាក្រុងប៉េកាំង ចោទប្រកាន់ពីបទរំលោភកម្មសិទ្ធិបញ្ហាលើរចនារូបរាងរបស់ស្មាតហ្វូន 100C របស់ក្រុមហ៊ុន Shenzhen Baili។
ក្នុងករណីផ្សេងមួយទៀត ឈ្មោះ iPad របស់ Apple ក៏ទទួលរងគ្រោះនៅពេលតុលាការមួយរបស់ចិន បានសម្រេចថា ឈ្មោះនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Proview ហើយចុងក្រោយ Apple ត្រូវបង់ប្រាក់ចំនួន ៦០លានដុល្លារដើម្បីបញ្ចប់រឿងក្ដីដ៏ស្មុគស្មាញនេះ។
ចាប់ពីរដ្ឋាភិបាល រហូតដល់គណៈគ្រប់គ្រងក្រុមហ៊ុន សុទ្ធតែត្រៀមខ្លួនជាស្រេចក្នុងការ “បណ្ដេញ” Apple ចេញពីប្រទេសចិន។ ដូច្នេះ មានសំនួរមួយសួរថា “តើ Apple នៅមានកម្លាំងគ្រប់គ្រាន់ដើម្បីឈរជើងនៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេនេះ ឬមួយត្រូវស្វែងរកកន្លែងថ្មីដែលប្រសើរជាងនេះ?”៕
ប្រែសម្រួល ៖ បុត្រាប្រភព ៖ ibtimes