(តៃវ៉ាន់)៖ ស្ត្រីមានផ្ទៃពោះម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីភ្នែកម្ខាងរបស់នាង ប្រែជាមើលអ្វីលែងឃើញ ដោយសារតែវក់លេងហ្គេម តាមទូរស័ព្ទស្មាតហ្វូន។ Pokemon Go គឺជាហ្គេមមួយ ដែលកំពុងពង្វក់ស្មារតីយុវវ័យ និងមនុស្សពេញវ័យមួយចំនួន ឲ្យជក់លេងសឹងតែភ្លេចខ្លួន ទោះបីកំពុងបើកបរក៏ដោយ ជាហេតុធ្វើឲ្យអ្នកខ្លះ ត្រូវជួបគ្រោះថ្នាក់ រហូតដល់បាត់បង់អាយុជីវិត ទៀតផង។

/

គ្រូពេទ្យ នៅតៃវ៉ាន់និយាយថា ជាច្រើនសប្តាហ៍មកនេះ មានអ្នកជំងឺជាច្រើន ត្រូវបានបញ្ជូនមកព្យាបាលខ្លួន ព្រោះតែរងគ្រោះ ដោយសារឧបករណ៍អេឡិចត្រូនិច ដូចជាការលេងទូរស័ព្ទ ជាដើម។ ពេលនេះស្ត្រីមានផ្ទៃពោះ អាយុ៣១ឆ្នាំម្នាក់ នៅទីក្រុង New Taipei ក៏ត្រូវបានបញ្ជូន មកមន្ទីរពេទ្យ ព្រោះតែពិការភ្នែកខាងស្តាំ ហើយដុកទ័រ Chen Yu-an ដែលព្យាបាលស្ត្រីរូបនេះ និយាយថា ភ្នែកម្ខាងរបស់នាង មើលលែងឃើញ ព្រោះតែនាងក្រឡេកមើលទូរស័ព្ទខ្លាំងពេក ខណៈកំពុងជក់លេងហ្គេម Pokemon Go អស់ រយៈពេលជាច្រើនម៉ោង តែដុកទ័រក៏បានណែនាំឲ្យនាង បញ្ឈប់ការលេងហ្គេមទូរស័ព្ទនេះទៀត ប្រសិនចង់ឲ្យភ្នែកអាចមើលឃើញឡើងវិញ។

ចំពោះបញ្ហានេះដែរ ប៉ូលិសចរាចរណ៍ជាច្រើន ត្រូវបានណែនាំឲ្យផាកពិន័យ ចំពោះនរណា ដែលបង្កគ្រោះថ្នាក់ ព្រោះតែជក់លេងហ្គេមបែបនេះ ហើយគ្រាន់តែពីរថ្ងៃប៉ុណ្ណោះ មនុស្សប្រមាណ៣៤០ នាក់ត្រូវបានប៉ូលិសផាកពិន័យ ព្រោះតែលេង Pokemon Go ពេលកំពុងបើកបរ៕

/

ផ្តល់សិទ្ធដោយ​៖ ខ្មែរថកឃីង