កន្លងមក “សង្គ្រាម” ទាក់ទឹននឹងកម្មសិទ្ធិបញ្ញា គឺត្រូវបានគេគិតថា ជារបស់ Samsung និង Apple ប៉ុន្តែ មកដល់ពេលនេះ Nokia បាន “ចូលរួម” ក្នុង “សង្គ្រាម” នេះដែរ។ Nokia បានដាក់ពាក្យប្ដឹងឡើងតុលាការ ប្រឆាំងនឹង Apple ព្រោះបានបំពានលើកម្មសិទ្ធិបញ្ហារបស់ក្រុមហ៊ុន។

/

បន្ទាប់ពីទិញបាន NSN ក្នុងឆ្នាំ ២០១៣ និង Alcatel-Lucent ក្នុងឆ្នាំ ២០១៦ Nokia បានក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលមានប័ណ្ណប៉ាតង់ច្រើនបំផុតនាបច្ចុប្បន្ន។ ក្រុមហ៊ុននេះ ក៏បានវិនិយោគ ១១៥លានអឺរ៉ូ ទៅលើវិស័យសិក្សាស្រាវជ្រាវ និងអភិវឌ្ឍ ហើយប័ណ្ណប៉ាតង់រាប់ពាន់ត្រូវបានអនុវត្តទៅលើទូរស័ព្ទ កុំព្យូទ័រថេប្លេត និងកុំព្យូទ័រយួរដៃ។ល។

ចាប់ពីឆ្នាំ ២០១១ ក្រុមហ៊ុន Apple ក៏ទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ប័ណ្ណប៉ាតង់របស់ Nokia ប៉ុន្តែ ប័ណ្ណប៉ាតង់មួយចំនួនដែលមិនទាន់ត្រូវបាន Nokia អនុញ្ញាត ក៏ត្រូវបាន Apple ប្រើប្រាស់ ដូច្នេះ វាបង្កើតឱ្យមានការប្ដឹងនេះ។

Ilkka Rahnasto អ្នកគ្រប់គ្រងផ្នែកពាណិជ្ជកម្មប័ណ្ណប៉ាតង់ របស់ Nokia បានឱ្យដឹងថា ៖ “តាមរយៈការវិនិយោគទៅលើការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍ ក្រុមហ៊ុន Nokia បានបង្កើត និងចូលរួមចែករំលែកបច្ចេកវិទ្យាជាច្រើនដែលប្រើប្រាស់នៅលើឧបករណ៍ជាច្រើន រួមទាំងផលិតផលរបស់ Apple ។ ក្រោយការជជែកគ្នារយៈពេលជាច្រើនឆ្នាំ និងការប្រឹងប្រែងដើម្បីមានកិច្ចព្រមព្រៀង ប៉ុន្តែ មិនបានសម្រេច យើងខ្ញុំត្រូវតែធ្វើសកម្មភាពដើម្បីការពារកម្មសិទ្ធិរបស់ខ្លួន”។

Nokia បានឱ្យដឹងថា ពាក្យបណ្ដឹងរបស់ក្រុមហ៊ុននេះ រួមមានប័ណ្ណប៉ាតង់ផ្សេងៗគ្នាចំនួន ៣២ ដូចជាបច្ចេកវិទ្យាអេក្រង់ សបវ៉ែរ អង់តែន ។ល។

ប្រែសម្រួល ៖ តារាប្រភព ៖ techconnect