អង្គការរដ្ឋអ៊ីស្លាម ISIS កាលពីថ្ងៃទី ១៤កន្លងទៅ បានចេញមុខទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាត នៅឯទីតាំងត្រួតពិនិត្យសន្តិសុខមួយកន្លែងក្នុងរដ្ឋធានីបាកដាត ប្រទេសអ៊ីរ៉ាក់ ដែលបណ្ដាលឱ្យមានមនុស្សសា្លប់ ២១នាក់ និងរងរបួស ៣៥នាក់។

/

សមាជិក​នៃអង្គការភេរវកម្ម​រដ្ឋអ៊ីស្លាម

ទីភ្នាក់សារព័ត៌មាន BBC ចេញផ្សាយថា ការបំផ្ទុះគ្រាប់បែកនេះ ត្រូវបានធ្វើឡើងនៅផ្លូវមួយដែលឆ្ពោះមកកាន់ខណ្ឌ Kadhimiyah ភាគពាយព្យនៃរដ្ឋធានីបាកដាត ដែលនៅទីនោះ មានមនុស្សភាគច្រើនជាជនមូស្លីមនិកាយស៊ីអ៊ីត។

ទីភ្នាក់ងារសារព័ត៌មាន Amaq ដែលមានទំនាក់ទំនងជាមួយអង្គការរដ្ឋអ៊ីស្លាម បានឱ្យដឹងថា ការបំផ្ទុះគ្រាប់បែកខាងលើ គឺចង់សំដៅលើទាហានអ៊ីរ៉ាក់ ដែលមានវត្តមាននៅទីនោះ។ ប្រភពព័ត៌មានមួយចំនួន ឱ្យដឹងថា ជនរងគ្រោះក្នុងអំពើភេរវកម្មនេះ មានទាំងបុគ្គលិកសន្តិសុខ និងប្រជាពលរដ្ឋសាមញ្ញ។

បន្ទាប់ពីការផ្ទុះគ្រាប់បែក កងសន្តិសុខ ក៏បានឡោមព័ន្ធតំបន់កើតហេតុ ទន្ទឹមនឹងនេះក៏បានពង្រឹង​ការត្រួតពិនិត្យនៅកន្លែងផ្សេងៗក្នុងរដ្ឋធានីផងដែរ។

/

ISIS បំផ្ទុះគ្រាប់បែកនៅក្នុង​ខណ្ឌ Kadhimiyah ភាគពាយព្យនៃរដ្ឋធានីបាកដាត

សួមរំលឹកថា កាលពីថ្ងៃទី ៣កក្កដាកន្លងទៅ ក្រុម ISIS ក៏ធ្លាប់បានវាយប្រហារដោយបំផ្ទុះគ្រាប់បែកមួយនៅខណ្ឌ Karrada នៃក្រុងបាកដាត បណ្ដាលឱ្យមានមនុស្សស្លាប់ ២៨១នាក់។ នេះគឺជាការវាយប្រហារធំបំផុតដែលក្រុម ISIS បានធ្វើឡើងនៅអ៊ីរ៉ាក់ ក្នុងឆ្នាំនេះ។

សូមបញ្ជាក់ថា Karrada និង Kadhimiyah គឺសុទ្ធតែជាខណ្ឌដែលមានជនជាតិមូលស្លីមនិកាយស៊ីអ៊ីតរស់នៅច្រើន។ ក្រុម ISIS បានចាត់ទុកជនមូលស្លឹមនិយាយស៊ីអ៊ីត ថាជាអ្នកកាន់សាសនាចម្លែក ហើយតែងតែវាយប្រហារទៅលើកន្លែងដែលពួកគេរស់នៅ។

ប្រែសម្រួល ៖ បុត្រា