ព្យុងយ៉ាងៈ សាធារណរដ្ឋប្រជាមានិតប្រជាធិប តេយ្យកូរ៉េ បាននិយាយកាលពីថ្ងៃអង្គារកន្លង ទៅនេះថា ការបាញ់ សាកល្បងអាវុធនុយក្លេអ៊ែរនេះ ជាសកម្មភាពការពារខ្លួនឯង ប្រឆាំងនិងការឈ្លានពានពីសំណាក់សហរដ្ឋអាមេរិក។
យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣ បានឲ្យដឹងថា ការបាញ់សាកល្បងនេះ ជាវិធានការការពារខ្លួនឆ្លើយតបនឹងការកំញើញ របស់សហរដ្ឋអាមេរិកប៉ុណ្ណោះ។ នេះបើយោងតាមការលើកឡើង របស់រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង ដែលបានចេញផ្សាយដោយភ្នាក់ងារសារព័ត៌មាន KCNA។
រដ្ឋមន្ត្រីការបរទេសរូបនេះបានបន្តថា ការអត់ធ្មត់របស់កូរ៉េខាងជើងមានកម្រិត ខណៈដែលសហរដ្ឋអាមេរិកបង្កើន នូវសកម្មភាពជាសត្រូវរបស់ខ្លួនប្រឆាំងនឹងកូរ៉េខាងជើង។ ជាមួយគ្នានេះដែរ កូរ៉េខាងជើង បានព្រមានថា នឹង ឈានទៅរកជំហានទីពីរ និងទីបីខ្លាំងជាងមុន ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តសកម្មភាពរបស់ខ្លួន។
លោកបានបន្តថា ការបាញ់សាកល្បងនេះ គ្រាន់តែជាជំហាន នៃការការពារខ្លួនប៉ុណ្ណោះ មិនបានរំលោភបំពាន ទៅលើច្បាប់អន្តរជាតិឡើយ។ អ្នកនាំពាក្យម្នាក់ បានលើកឡើងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គួរតែជ្រើសរើស រវាងការគោរពសិទ្ធិរបស់កូរ៉េខាងជើង ក្នុងការបាញ់ផ្កាយរណបរបស់ខ្លួន ឬមួយបន្តជម្នះក្នុងការជំរុញនូវគោល នយោបាយប្រឈមមុខដាក់គ្នា ដែលនាំទៅរកស្ថានភាពកាន់តែតានតឹង។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានអះអាងថាខ្លួនបានទទួលជោគជ័យក្នុងការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ប្រកបដោយសុវត្ថិភាព និងប្រសើរបំផុត ក្នុងលក្ខណៈការពារសន្តិសុខ និងអធិបតេយ្យភាពប្រជាជាតិរបស់ខ្លួន ប៉ុណ្ណោះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល