កុមារីម្នាក់នៅអាមេរិក បានបង្កើតឧបករណ៍មួយដែលអាចប្រែក្លាយខ្យល់ ពន្លឺ និងភ្លៀង ឱ្យទៅជាអគ្គីសនីក្នុងពេលតែមួយ ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ ហើយឧបករណ៍នេះ មានតម្លៃត្រឹមតែ ៥ដុល្លារប៉ុណ្ណោះ។

កុមារី Maanasa Mendu អាយុ ១៣ឆ្នាំ
នៅក្នុងការប្រកួតប្រជែងក្នុងកម្មវិធី Young Scientist Challenge ដែលបានបញ្ចប់កាលពីថ្ងៃទី ១៨តុលា កុមារី Maanasa Mendu អាយុ ១៣ឆ្នាំ មកពីរដ្ឋ Ohio អាមេរិក បានទទួលជ័យជំនះ និងទទួលបានពានរង្វាន់ជាអ្នកវិទ្យាសាស្រ្ដវ័យក្មេងពូកែបំផុតនៅអាមេរិក រួមនឹងប្រាក់រង្វាន់ ២៥.០០០ដុល្លារអាមេរិក នេះបើតាមទំព័រ Science Alert។
ឧបករណ៍ដែល Mendu ច្នៃ រួមមាន ថ្មថាមពលព្រះអាទិត្យបីផ្ទាំង។ ក្រៅពីការប្រមូលថាមពល ពន្លឺព្រះអាទិត្យ ឧបករណ៍នេះក៏មានសមត្ថភាពប្រែក្លាយថាមពលខ្យល់ និងទឹកភ្លៀកដែលធ្លាក់ចុះ ឱ្យទៅជាអគ្គីសនី។
Mendu បានកើតគំនិតច្នៃឧបករណ៍នេះ បន្ទាប់ពីបានទៅកាន់ប្រទេសឥណ្ឌា ហើយបានឃើញស្ថានភាពប្រជាជនរស់នៅដោយការខ្វះភ្លើងអគ្គីសនីប្រើប្រាស់ប្រចាំថ្ងៃ។ ដំបូងឡើយ Mendu គ្រាន់តែមានគំនិតច្នៃឧបករណ៍ប្រើថាមពលខ្យល់តែប៉ុណ្ណោះ។

នេះគឺជាឧបករណ៍ដែល Mendu បានច្នៃឡើង
ប៉ុន្តែ ក្រោយពីបានចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី Young Scientist Challenge ដោយមានជំនួយពីទីប្រឹក្សាដែលសម្បូរបទពិសោធ Mendu ក៏ច្នៃបានឧបករណ៍ពិសេស ដែលអាចប្រមូលបានថាមពលច្រើនប្រភេទក្នុងពេលតែមួយ ជាមួយនឹងតម្លៃត្រឹមតែ ៥ដុល្លារអាមេរិក។
Mendu ឱ្យដឹងថា ប្អូនចង់ធ្វើការសិក្សាស្វែងយល់ និងអភិវឌ្ឍស៊ីជម្រៅបន្ថែមទៀតទៅលើឧបករណ៍នេះ ដើម្បីអាចធ្វើពាណិជ្ជកម្មផលិតផលនេះ នាពេលដ៏ខ្លីខាងមុខ៕
ប្រែសម្រួល ៖ តារាប្រភព ៖ Businessinsider