វត្ថុអាថ៌កំបាំងស្ថិតក្រោមផ្ទាំងទឹកកកនៅប៉ូលខាងត្បូង អាចជាអាចម៍ផ្កាយយក្ស ធ្លាប់បានធ្លាក់មកលើផែនដី បង្កឱ្យមានគ្រោះផុតពូជកាលពីអតីតកាល។

វត្ថុចម្លែកដែលមានអង្កត់ផ្ចិត ២៤៣គីឡូម៉ែត្រ ត្រូវបានរកឃើញដោយផ្កាយរណប នៅតំបន់ Wilkes Land នៃប៉ូលខាងត្បូង អាចជាអាចម៍ផ្កាយយក្សដែលនៅសល់ បន្ទាប់ពីវាបានធ្លាក់មកបុកផែនដី បណ្ដាលឱ្យសត្វភាគច្រើនត្រូវដាច់ពូជ នេះបើតាមទំព័រ The Sun ។
បើសិនការយល់ឃើញខាងលើគឺជាការត្រឹមត្រូវ នោះ អាចម៍ផ្កាយនេះ គឺជា “ជន” ដែលបង្កឱ្យមានគ្រោះមហន្តរាយដាច់ពូជកាលពីយុគសម័យ Permi – Trias ដែលបានសម្លាប់សត្វសមុទ្រ ៩៦% និងសត្វមានឆ្អឹងខ្នង ៧០% នៅលើដីគោក។
វត្ថុចម្លែកនៅ Wilkes Land ត្រូវបានរកឃើញដំបូងកាលពីឆ្នាំ ២០០៦ នៅពេលផ្កាយរណបរបស់ណាសា រកឃើញភាពផ្លាស់ប្ដូរទម្ងន់ បង្ហាញថា មានវត្ថុដ៏ធំមួយស្ថិតនៅកណ្ដាលមាត់រណ្ដៅអាចម៍ផ្កាយទំហំ ៤៨៤គីឡូម៉ែត្រ ខាងក្រោមស្រទាប់ទឹកកកក្រាស់នៅប៉ូលខាងត្បូង។

ថ្មីៗនេះ ការរកឃើញនេះ បានធ្វើឱ្យកក្រើកម្ដងទៀតនៅលើប្រព័ន្ធអ៊ីនធឺរណែត នៅពេលក្រុមអ្នកប្រមាញ់ UFO មានឈ្មោះថា Secure Team 10 បានចែករំលែកវីដេអូមួយនៅលើ Youtube កាលពីថ្ងៃទី ២៧ធ្នូ បង្ហាញអំពីរូបថតផ្កាយរណប ទាក់ទាញអ្នកចូលមើលច្រើនជាង ៧០០.០០០លើក។
Secure Team 10 យល់ថា រូបភាពចម្លែកដែលត្រូវបានថតដោយផ្កាយរណបនេះ គឺជាសញ្ញានៃមូលដ្ឋានសម្ងាត់ដែលអាល្លឺម៉ង់បង្កើតឡើងនៅប៉ូលខាងត្បូងក្នុងសង្គ្រាមលោកលើកទីពីរ ដើម្បីបម្រើឱ្យសកម្មភាពរបស់ថាសហោះ។

ក៏ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ដ្រ យល់ថា នេះគ្រាន់តែជាដាននៃការធ្លាក់អាចម៍ផ្កាយតែប៉ុណ្ណោះ។ សាស្ដ្រាចារ្យ Ralph von Frese នៅសកលវិទ្យាល័យ Ohio សង្កត់ធ្ងន់ថា “ព្រឹត្តិការណ៍ធ្លាក់អាចម៍ផ្កាយនៅ Wilkes Land គឺធំជាងច្រើន បើធៀបនឹងការធ្លាក់អាចម៍ផ្កាយដែលបានសម្លាប់ផ្ដាច់ពូជដាយណូស័រ”។
ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail