ភ្នំពេញ ៖ កម្លាំង នគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្តែង វេលាម៉ោង១៩និង២០នាទី នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៣ ពីបទ ឆក់ខ្សែក នៅចំណុចមុខផ្ទះលេខ១៥ផ្លូវលេខ១៣៨ ក្រុមទី២៤B ភូមិ៩ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ។
នគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យដែល សមត្ថកិច្ចឃាត់បានមាន ឈ្មោះរិន ពុទ្ធបញ្ញារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុល ម៉ាស៊ីនត្រជាក់ ចល័តស្នាក់នៅផ្ទះគ្មានលេខផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានឈ្មោះ តែ ចិន ភេទស្រី អាយុ៣៨ឆ្នាំ មានមុខរបរលក់គ្រឿងទេស ស្នាក់នៅផ្ទះលេខ១០៣ ផ្លូវលេខ១៣៨ ក្រុមទី៥ ភូមិ២សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើត ហេតុជនរងគ្រោះឈ្មោះ តែ ចិន បានជិះម៉ូតូឌុបចេញ ពីផ្សារអូរឡាំពិក គោលបំណងមកផ្ទះ លុះ ពេលធ្វើដំណើរមក ដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ ពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Honda Scoopy ពណ៌ស តាមមកពីក្រោយ អែបខាងស្តាំ ហើយធ្វើសកម្មភាព ឆក់ខ្សែក ដែលជនរងគ្រោះតែម្តង ។ ភ្លាមៗនោះ ជនរងគ្រោះក៏បានហក់ចុះ ពីលើម៉ូតូឌុបស្ទុះទៅចាប់ ទាញកអាវជនសង្ស័យ ឈ្មោះរិន ពុទ្ធបញ្ញារិទ្ធ ដែលជិះខាងក្រោយបណ្តាល ឲ្យ ធ្លាក់ពីលើម៉ូតូ ព្រមទាំងដណ្តើម យកបណ្តោងខ្សែក បានមកវិញ ជាមួយគ្នានេះ ដែរកំលាំងសមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី២ ដែលកំពុងល្បាតការពារសុវត្ថិភាព នៅក្នុងមូលដ្ឋាន បានអន្តរាគមន៍ទាន់ ពេលវេលា ដោយឃាត់ខ្លួន ជាក់ស្តែង តែម្តងចំណែកជនសង្ស័យម្នាក់ ទៀត ដែលជាអ្នកបើកម៉ូតូ បានជិះម៉ូតូគេចខ្លួនបាត់ ដោយយកទាំងខ្សែ.ករបស់ជនរងគ្រោះ ទៅជាមួយ។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះ រិន ពុទ្ធបញ្ញារិទ្ធ កំពុងឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល