ចាងឈុន៖ បើតាមប្រភព ជាច្រើន ក្នុងស្រុកបានឲ្យដឹងថា គ្រោះអគ្គីភ័យ នៅរោងចក្រកែច្នៃ បសុសត្វមួយ កន្លែង នៅខេត្ត ជីលីន ភាគឦសាន ប្រទេសចិនបានស្លាប់ រហូតដល់ទៅ៩៣នាក់ ហើយមកទល់ពេលនេះ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០១៣ បានឲ្យដឹងថា អគ្គីភ័យ ដែលបាន កើតឡើងកាល ពីវេលាម៉ោង ០៦ និង០៦នាទីព្រឹកថ្ងៃចន្ទ នៅទីសត្តឃាតមួយនោះ ដែលកម្មសិទ្ធិរបស់ ក្រុមហ៊ុន បសុសត្វ ជីលីន បៅយួន ដែលមានទីតំាងនៅទីក្រុង ដេហ៊ូ ប្រទេសចិន។
រហូតមកដល់ម៉ោង ២ និង៤០នាទី រសៀលថ្ងៃចន្ទនេះ គ្រោះអគ្គីភ័យនេះបានសម្លាប់មនុស្សអស់ ៩៣នាក់ហើយ នេះបើយោងតាមក្រុមការងារ ជួយ សង្គ្រោះ កំពុងប្រតិបត្តិការជួយពន្លត់អគ្គីភ័យទីនោះ។
កម្មការច្រើនជាង ៣០០នាក់ ស្ថិតនៅក្នុងរោងចក្រនោះ នៅពេលដែលមានអគ្គីភ័យកើតឡើង។ ជនរងគ្រោះ ដែលនៅរស់រានមានជីវិតបានប្រាប់ស៊ិនហួថា ពួកគេបានឮសម្លេងផ្ទុះ ហើយបន្ទាប់មកក៏ឃើញ ផ្សែងខ្មៅហុយ ខ្មួលខ្មាញ់។
ពួកគេបន្តថា ក្រុមកម្មករប្រមាណ ១០០នាក់ បានរត់គេចចេញពីរោងចក្រ ខណៈភ្លើងឆាបឆេះឡើង ប៉ុន្តែទ្វារ បានចាក់សោរ ៕
