ប្រទេសទួរគី កាលពីម្សិលមិញ បានចាប់ផ្ដើមដោះលែងអ្នកទោសចំនួន ៣៨.០០០នាក់ ដើម្បីយកកន្លែងដាក់អ្នកទោសនយោបាយដែលជាប់ទាក់ទឹននឹងរដ្ឋប្រហារមិនបានសម្រេចកាលពីពាក់កណ្ដាលខែមុន។
យោងតាមសេចក្ដីប្រកាសរបស់រដ្ឋាភិបាលទួរគី បណ្ដាអ្នកទោសដែលនៅសល់ទោសក្រោមពីរឆ្នាំ ឬតិចជាងនេះ នឹងត្រូវបានដោះលែង។ ប៉ុន្តែ ចំពោះអ្នកទោសសម្លាប់មនុស្ស ភេរវកម្ម រំលោភបំពានផ្លូវភេទ និងអ្នកទោសដែលជាប់ព័ន្ធនាគារដោយសារប្រើអំពើហឹង្សា នឹងមិនត្រូវបានដោះលែង នេះបើតាមទំព័រ Reuters។

Sukru Seymen (កណ្ដាល) ជាមន្ដ្រីយោធាទួរគី ដែលត្រូវបានចោទប្រកាន់ពីបទ ចូលរួមធ្វើរដ្ឋប្រហារ ត្រូវបាននាំឡើងតុលាការ កាលពីម្សិលមិញ
អ្នកទោសម្នាក់ឈ្មោះ Turgay Aydin បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅព័ន្ធនាគារ Silivri ថា
“ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលបានរួចផុតអំពីគុកច្រវាក់។ ខ្ញុំអរគុណប្រធានាធិបតី Recep Tayyip Erdogan។ ខ្ញុំបានដឹងកំហុសហើយ។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងខំប្រឹងប្រែងដើម្បីធ្វើជាមនុស្សល្អ”។
នៅក្នុងកិច្ចសម្ភាសមួយជាមួយទូរទស្សន៍ A Haber រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ទួរគី Bekir Bozdag បានឱ្យដឹងថា អ្នកទោសចំនួន ៣៨.០០០នាក់ នឹងត្រូវបានដោះលែង ប៉ុន្តែ ៩៣.០០០នាក់ អាចនឹងទទួលផលប្រយោជន៍ពីកម្មវិធីលើកលែងទោសនេះ។
យោងតាមទិន្នន័យពីក្រសួងយុត្តិធម៌ គិតមកដល់ថ្ងៃទី ១៦សីហា ប្រទេសទួរគីមានអ្នកទោស ២១៣.៤៩៩នាក់ ដែលលើសពីបន្ទប់ព័ន្ធនាគារដែលអាចដាក់បានតែ ២៦.០០០នាក់។
ទីក្រុង Ankara ក្នុងថ្ងៃដដែល ក៏បានចេញបញ្ជា បញ្ចប់តួនាទីរបស់នគរបាលចំនួន ២.៣៦០នាក់ ទាហានជាង ១០០នាក់ រួមនឹងបុគ្គលិកនៃទីភ្នាក់ងារសារព័ត៌មាន និងបច្ចេកវិទ្យាទូរគមនាគមន៍ចំនួន ១៩៦នាក់ផងដែរ។
នាយករដ្ឋមន្ដ្រីទួរគី Binali Yildirim ឱ្យដឹងថា បន្ទាប់ពីរដ្ឋប្រហារមិនបានសម្រេច កាលពីថ្ងៃទី ១៥កក្កដា រដ្ឋាភិបាលនៃប្រទេសនេះ បានចាប់ខ្លួនមនុស្សសរុបចំនួន ៤០.០២៩នាក់ ដើម្បីធ្វើការស៊ើបអង្កេត។ ចំណែកបុគ្គលិករដ្ឋ ចំនួន ៧៩.០០០នាក់ផ្សេងទៀត ត្រូវបានបញ្ចប់មុខតំណែង៕
ប្រែសម្រួល ៖ បុត្រា