ក្រុមអ្នកសិក្សាស្រាវជ្រាវអន្តរជាតិបានរកឃើញមហាសមុទ្រទឹកនៅក្រោមដីជម្រៅពី ៤០០-៦០០គីឡូម៉ែត្រ។ សមុទ្រនេះអាចបំបាត់សភាវមានជីវិតទាំងអស់ បើសិនវារីងស្ងួត។
អ្នកវិទ្យាសាស្ដ្រមួយក្រុម មកពីសកលវិទ្យាល័យ Florida អាមេរិក និងសកលវិទ្យាល័យ Edinburgh ប្រទេសអង់គ្លេស បានរកឃើញភ័ស្ដុតាងដែលបញ្ជាក់អំពីវត្តមានរបស់មហាសមុទ្រនៅក្រោមដីរបស់ផែនដី នេះបើតាមការចុះផ្សាយរបស់ទំព័រ International Business Times។

នៅក្នុងរបាយការណ៍មួយដែលបានប្រកាសកាលពីថ្ងៃទី ១៨វិច្ឆិកា នៅលើទំព័រ PNAS។ ក្រុមអ្នកវិទ្យាសាស្ដ្រ បានពិនិត្យមើលទៅលើ brucite ដែលជារ៉ែមួយប្រភេទដែលមានផ្ទុកជាតិទឹក ត្រូវបានគេជឿថា មិនមាន “ស្ថេរភាព” ក្នុងការរក្សាជាតិទឹកនៅក្នុងជម្រៅពី ៤០០-៦០០គីឡូម៉ែត្រ។ ការពិសោធកន្លងមកនេះ បង្ហាញថា ធាតុរ៉ែនេះ ត្រូវរលាយក្នុងជម្រៅជ្រៅនៅក្រោមដី នឹងបញ្ចេញជាតិទឹកដែលវាមាន។ ជាតិទឹកនេះត្រូវបានបញ្ជូនឡើងលើផ្ទៃខាងលើនៃផែនដី តាមរយៈសកម្មភាពរបស់ភ្នំភ្លើង។
អ្នកវិទ្យាសាស្ដ្រ Mainak Mookherjee និង Andreas Hermann បានធ្វើការសិក្សាស្រាវជ្រាវជាច្រើន ហើយក៏បានរកឃើញថា ទឹកអាចត្រូវរក្សា និងជញ្ជូននៅក្នុងធាតុរ៉ែ brucite នៅក្នុងជម្រៅ ៤០០-៦០០គីឡូម៉ែត្រ។
Mookherjee ឱ្យដឹងថា “យើងខ្ញុំមិនគិតថា ធាតុរ៉ែដែលបៀមជាតិទឹកដូច brucite អាចរក្សាទឹកក្នុងលក្ខខណ្ឌបែបនេះ។ ប៉ុន្តែ ពេលនេះ យើងខ្ញុំដឹងថា វាមាននៅទីនោះ”។
Mookherjee ថ្លែងថា ទឹកដែលនៅជ្រៅក្នុងដី មានសារសំខាន់មិនចាញ់ទឹកនៅលើដីនោះទេ។ បើសិនទឹកនៅក្រោមដីត្រូវរីង ផែនដីនឹងត្រូវងាប់ ព្រោះតែសកម្មភាពរបស់ដីនៅក្រោមដី លែងមាន។
Mookherjee បន្តថា “បើសិនគេយកទឹកទាំងអស់ចេញពីក្រោមដី ផែនដីនឹងត្រូវហួតហែង។ បណ្ដាសកម្មភាពរបស់ដីនៅក្រោមដី ត្រូវទទួលរងផលប៉ះពាល់ និងធ្វើសកម្មភាពយឺត។ ប្រការនេះនឹងមានឥទ្ធិពលលើការបង្កើតសម្បកផែនដី ហើយនៅពេលសកម្មភាពបង្កើតសម្បកផែនដីត្រូវឈប់ដំណើរការ វានឹងលែងមានភ្នំភ្លើង។ ភ្នំភ្លើងមានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតសម្បករបស់ផែនដី ដូច្នេះ អ្វីៗទាំងអស់នឹងឈប់ដំណើរការ”៕
ប្រែសម្រួល ៖ តារាប្រភព ៖ ibtimes