រដ្ឋអាជ្ញាអាល្លឺម៉ង់ បានផាកពិន័យក្រុមហ៊ុន Volkswagen ១,២ ពាន់លានដុល្លារអាមេរិកពីបទបន្លំផ្គត់ផ្គង់ ម៉ាស៊ីនម៉ាស៊ូត ដែលមានបញ្ចេញឧស្ម័នពុលច្រើន នៅទូទាំងពិភពលោក។

ការពិន័យជាទឹកប្រាក់ចំនួន ១ ពាន់លានអឺរ៉ូនេះ ត្រូវបានប្រកាសកាលពីថ្ងៃពុធ ដោយរដ្ឋអាជ្ញាសាធារណៈ និងក្រុមហ៊ុន ដែលបាននិយាយថា ខ្លួនសង្ឃឹមថា នឹងលុបបំបាត់រឿងអាស្រូវ ដែលបានធ្វើឱ្យក្រុមហ៊ុនរង្គោះរង្គើ និងបានធ្វើឱ្យហិនហោចដល់ការលក់រថយន្តម៉ាស៊ូតនេះ។

រដ្ឋអាជ្ញា បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ នេះ គឺជាការពិន័យដ៏ខ្ពស់បំផុតមួយ ដែលមិនធ្លាប់មាន ចំពោះក្រុមហ៊ុន នៅក្នុងប្រទេសអាល្លឺម៉ង់។

/

ក្រុមហ៊ុន Volkswagen  បានឱ្យដឹងថា ខ្លួនព្រមទទួលយកការពិន័យ ដែលទាក់ទងនឹងការគ្រប់គ្រងមិនបានដិតដល់ នៅក្នុងផ្នែក ដែលអភិវឌ្ឍប្រព័ន្ធម៉ាស៊ីន និងប្រព័ន្ធបញ្ជូនថាមពល។

ក្រុមហ៊ុន Volkswagen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កំហុសឆ្គងនេះ បាននាំឱ្យរថយន្តចំនួន ១០,៧ លានគ្រឿង ត្រូវបានលក់ទៅឱ្យអតិថិជន នៅសហរដ្ឋអាមេរិក កាណាដា និងទូទាំងពិភពលោក ជាមួយនឹងមុខងារកម្មវិធី Software ដែលមិនអនុញ្ញាតឱ្យប្រើប្រាស់ ក្នុងចន្លោះពេល ពីពាក់កណ្តាលឆ្នាំ ២០០៧ រហូតដល់ឆ្នាំ ២០១៥ ។

          របាយការណ៍ បានបន្ថែមថាក្រុមហ៊ុន Volkswagen ព្រមទទួលយកការពិន័យនេះ ហើយក្រុមហ៊ុននេះ នឹងមិនប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមនេះទេ។ ក្រុមហ៊ុន Volkswagen សារភាពនូវការទទួលខុសត្រូវរបស់ខ្លួន ចំពោះវិបត្តិម៉ាស៊ីនម៉ាស៊ូត ហើយចាត់ទុកថា កំហុសឆ្គងលើកនេះ ជាជំហានដ៏សំខាន់មួយដើម្បីឆ្ពោះទៅរកភាពជោគជ័យ។

ក្រុមហ៊ុន Volkswagen បានសារភាពជាលើកដំបូង នៅឆ្នាំ ២០១៥ ថា ខ្លួនបានផ្គត់ផ្គង់រថយន្ដប្រើម៉ាស៊ីនម៉ាស៊ូតរាប់លានគ្រឿង ដោយក្លែងបន្លំការធ្វើតេស្តចំពោះការបញ្ចេញឧស្ម័ន។ រថយន្តប្រើម៉ាស៊ូតពីក្រុមហ៊ុន Volkswagen និងក្រុមហ៊ុនបុត្រសម្ព័ន្ធ Audi របស់ខ្លួនបាន បំពានលើបទបញ្ជាស្ដីពីខ្យល់អាកាសស្អាត ដោយប្រើកម្មវិធី Software ដែលធ្វើឱ្យការសាយភាយឧស្ម័ន មានកម្រិតជាតិពុលតិចជាងមុន។

រឿងអាស្រូវនេះ បានបណ្តាលឱ្យតម្លៃភាគហ៊ុនរបស់ខ្លួនធ្លាក់ចុះ ហើយបានបំផ្លាញទំនុកចិត្ត ក្នុងចំណោមអតិថិជន និងនិយតករក្នុងវិស័យបច្ចេកវិទ្យាប្រេងម៉ាស៊ូត។ រឿងអាស្រូវនេះ បានធ្វើឱ្យក្រុមហ៊ុន Volkswagen ខាតបង់ទឹកប្រាក់អស់ជាង ៣០ ពាន់លានដុល្លារអាមេរិក នៅក្នុងការប្រមូលយករថយន្ដមកវិញ ការផាកពិន័យតាមផ្លូវច្បាប់ និងការទូទាត់សងនានា។

សេចក្ដីសម្រេច កាលពីថ្ងៃពុធ មិនប៉ះពាល់ដល់នីតិវិធីរដ្ឋប្បវេណីនានារបស់តុលាការទេដូចជា ពាក្យបណ្តឹង ដែលបានធ្វើឡើងដោយអ្នកទិញរថយន្ត និងការស៊ើបអង្កេតបទល្មើស ដែលកំពុងធ្វើឡើងដោយរដ្ឋអាជ្ញាអាល្លឺម៉ង់ប្រឆាំងនឹងមនុស្សសរុប ៤៩ នាក់ ៕

/

ប្រែសម្រួល ៖ សារ៉ាត 

ប្រភព ៖ សុីអិនអិន