ភ្នំពេញៈ ចោរប្លន់ប្រដាប់អាវុធ មួយក្រុមមានគ្នា ៥នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាព បាញ់សំដៅលើ យុវជនម្នាក់ ប៉ងប្លន់យកម៉ូតូ សេ១១០ ពណ៌ខ្មៅ តែមិនបានសម្រេច កាលពីវេលាម៉ោង២និង០០នាទី ទៀបភ្លឺ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣ នៅចំណុចគល់ស្ពានដែក ផ្លូវ៣៧១ កែងផ្លូវមុនីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ យុវជនរងគ្រោះបាន ជិះម៉ូតូ មួយគ្រឿង សេ១១០ ពណ៌ខ្មៅ ធ្វើដំណើរ តាមបណ្តោយផ្លូវចំការដូង ក្នុងទិសដៅពីត្បូង មកជើង ខណៈមក ដល់ចំណុចកើតហេតុ ខាងលើ ក៏ត្រូវក្រុមចោរប្លន់ ប្រដាប់អាវុធ ដែលមានគ្នា៥នាក់ ជិះម៉ូតូ២គ្រឿង មួយគ្រឿងម៉ាក អាយខុន ពណ៌ផ្កាឈូក និងមួយគ្រឿងទៀត ម៉ាកនិច មកអែបជិតយុវជនរងគ្រោះ រួចដកកាំភ្លើងខ្លី បាញ់ស្រោច ទៅលើ យុវជនរងគ្រោះ ចំនួន២គ្រាប់ បណ្តាលឲ្យដួលរង របួសធ្ងន់ធ្ងរ ហើយក្រុមចោរដណ្តើមម៉ូតូ របស់យុវជន រងគ្រោះ ជិះរត់គេចខ្លួន ប៉ុន្តែដោយមានឮសម្លេងគ្រាប់កាំភ្លើង បណ្តាលឲ្យផ្អើលឆោឡោ ដល់សមត្ថកិច្ច ដែល យាមនៅគោលដៅស្ពាន រត់មកមើលទើបក្រុមចោរ នាំគ្នាជិះម៉ូតូរត់គេចខ្លួន បាត់ស្រមោលភ្លាមៗ។
ជនរងគ្រោះឈ្មោះ សឿន សុជា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវរបួសចំត្រគាកខាងឆ្វេង សម្រាកព្យាបាលនៅគ្លីនិក ឯកជន។
ចំណែកឯអ្នករងរបួសត្រូវរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗផងដែរ ហើយម៉ូតូរបស់ យុវជន រងគ្រោះ ត្រូវសមត្ថកិច្ច យកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាល ស្ទឹងមានជ័យ និងធ្វើកំណត់ហេតុស្រាវជ្រាវ តាមរកជនល្មើស ចាប់យកមកផ្តន្ទាទោស តាមច្បាប់៕


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល