លោកស្រី Sally Ride ជាស្ដ្រីដំបូងរបស់អេមេរិក ដែលបានធ្វើការហោះហើរទៅកាន់អវកាសបានទទួលមរណភាពកាលពីម្សិលមិញ បន្ទាប់ពីបានតស៊ូជាមួយជម្ងឺមហារីក អស់រយៈពេល ១៧ ខែ។
ក្នុងឱកាសនៃបុណ្យសពរបស់លោកស្រី Sally Ride លោក Barack Obama បានថ្លែងថា ៖ ជាស្ដ្រីដំបូងដែលបានហោះហើរទៅកាន់អវកាស លោកស្រី Sally Ride គឺជាវិរនារីរបស់ជាតិ។

គួររំឭកថា លោកស្រី Sally Ride បានហោះហើរទៅកាន់អវកាសជាលើកដំបូង ជាមួយនឹងយានអវកាស Challenger កាលពីខែមិថុនា ឆ្នាំ ១៩៦៣ ដែលកាលណោះ លោកស្រីមានអាយុ ៣២ឆ្នាំ។បន្ទាប់ពីចាកចេញពី NASA លោកស្រី ក៏បានកាន់តួនាទីជាសាស្ដ្រាចារ្យនៅសាកលវិទ្យាល័យ California ក្នុងក្រុង San Diego។ ក្រៅពីនេះ លោកស្រីក៏ជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យStanford ផងដែរ។
លោកស្រី Sally Ride ដែលបានទទួលមរណភាពក្នុងអាយុ ៦១ឆ្នាំរូបនេះ មានស្រុកកំណើត និងធំឡើងនៅ Los Angeles រដ្ឋ California។ លោកស្រី ទទួលបានសញ្ញាបត្រអនុបណ្ឌិត និងបណ្ឌិតនៅសាកលវិទ្យាល័យ Stanford ។ បន្ទាប់ពីបានអានសេចក្ដីប្រកាសជ្រើសរើសអ្នកអវកាស សម្រាប់និស្សិត នៅសាកលវិទ្យាល័យ Stanford លោកស្រីក៏បានដាក់ពាក្យ និងបានក្លាយជាអ្នកអវកាសក្នុងឆ្នាំ ១៩៧៨។

សូមបញ្ជាក់ថា ស្ដ្រីដែលជាអ្នកអវកាសដំបូងគេក្នុងពិភពលោក គឺ Valentina Tereshkova គឺជាអ្នកអវកាស ជនជាតិរុស្ស៊ី។ លោកស្រី Valentina Tereshkova បានហោះហើរទៅកាន់អវកាសកាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ១៩៦៣៕
ដោយ ៖ សូរីយ៉ាប្រភព ៖ VE