អង្គការរដ្ឋអ៊ីស្លាម ISIS កាលពីថ្ងៃទី ៣០សីហា បានឱ្យដឹងថា ម្នាក់ក្នុងចំណោមមេដឹកនាំកំពូល និងយូរអង្វែងបំផុតរបស់ខ្លួន ដែលទទួលខុសត្រូវទៅលើការវាយប្រហារនៅបរទេស ត្រូវបានសម្លាប់ក្នុងការទម្លាក់គ្រាប់បែករបស់អាមេរិកនៅស៊ីរី។

សារព័ត៌មានរបស់ ISIS Amaq ឱ្យដឹងថា Abu Mohammed al-Adnani ជាអ្នកនាំពាក្យ និងជាមេដឹកនាំកំពូលទីពីរ បន្ទាប់ពី Abu Bakr al-Baghdadi ត្រូវបានសម្លាប់ក្នុងការទម្លាក់គ្រាប់បែកនៅទីក្រុង Aleppo ប្រទេសស៊ីរី។

/

Abu Mohammed al-Adnani ជាអ្នក​ទទួលខុសត្រូវ​ចំពោះការវាយប្រហារ​នៅបរទេស

 

Amaq ឱ្យដឹងថា Adnani ត្រូវបានសម្លាប់ នៅពេលកំពុងត្រួតពិនិត្យសកម្មភាពរបស់ ISIS ដើម្បីរុញច្រានការវាយប្រហារនៅ Aleppo។ ប៉ុន្តែ ប្រភពព័ត៌មានមិនបាននិយាយច្បាស់អំពីថា តើ Adnani ត្រូវបានសម្លាប់ដោយរបៀបណានោះទេ។

មន្ទីរបញ្ចកោណឱ្យដឹងថា កងទ័ពអាកាសអាមេរិក បានធ្វើការវាយប្រហារទៅលើរថយន្ដមួយគ្រឿង នៅក្នុងទីរួមស្រុក al-Bab ដើម្បីកំទេចមេដឹកនាំជាន់ខ្ពស់ម្នាក់របស់ ISIS ប៉ុន្តែ គេមិនបានដឹងថា តើពិតជា Adnani ដែរឬអត់នោះទេ។ មុននេះក្រសួងការបរទេសអាមេរិក បានសន្យាផ្ដល់រង្វាន់ ៥លានដុល្លារអាមេរិក ទៅឱ្យអ្នកណាដែលសម្លាប់បានមេដឹកនាំ ISIS រូបនេះ។

Adnani គឺជាមនុស្សម្នាក់ក្នុងចំណោមសមាជិកកំពូល និងយូរអង្វែងបំផុតរបស់ ISIS រួមនឹងមេដឹកនាំ Abu Bakr al-Baghdadi ដែលជាអ្នកបង្កើត ISIS ហើយត្រូវបានគេជឿថា បានស្លាប់នៅក្នុងការទម្លាក់គ្រាប់បែករបស់អាមេរិក នៅទីក្រុង Raqqa ប្រទេសស៊ីរី។

ជាមួយនឹងតួនាទីជាអ្នកនាំពាក្យរបស់ ISIS Adnani អាចត្រូវបានគេចាត់ទុកថា បានបង្ហាញខ្លួនជាសាធារណៈច្រើនលើក។ Adnani មានតួនាទីជាអ្នកគ្រប់គ្រងការវាយប្រហារនៅបរទេស ក្នុងនោះ មានអឺរ៉ុបផងដែរ។

មន្ដ្រីម្នាក់នៃអង្គភាពប្រឆាំងភេរវកម្មរបស់អាមេរិក ឱ្យដឹងថា ការស្លាប់របស់ Adnani គឺជាការខាតបង់យ៉ាងធំរបស់ ISIS។ ISIS កំពុងទទួលបរាជ័យ ដោយបាត់បង់ទឹកដីមួយចំនួនដែលខ្លួនធ្លាប់បានគ្រប់គ្រងកន្លងមក។ ប្រការនេះ ធ្វើឱ្យក្រុមនេះ ត្រូវបង្កើនការវាយប្រហារនៅអឺរ៉ុប អាស៊ីអាគ្នេយ៍ និងកន្លែងដទៃ។

ក្រោមការដឹកនាំរបស់ Adnani អង្គការរដ្ឋអ៊ីស្លាម បានធ្វើការវាយប្រហារដោយគ្រាប់បែក និងបាញ់រះទៅលើប្រជាជនសាមញ្ញចំនួនបីករណី នៅខាងក្រៅតំបន់មជ្ឈឹមបូព៌ា រួមមានបារាំង តួកគឺ និងប៊ែលហ្សិក។

ប្រែសម្រួល ៖ តារាប្រភព ៖ BBC