ព្រះសីហនុ៖ ម៉ូតូឌុប១គ្រឿង ឌុបគ្នា៣នាក់ ត្រូវបានរថយន្តដាច់ហ្រ្វាំង ចុះពីចំណោទ បុកបណ្តាលឲ្យស្លាប់រណូករណែលម្នាក់ របួសធ្ងន់ស្រាល២នាក់ កណ្តាលថ្នល់ ហើយម៉ូតូគៀបអូសជាប់ និងរថយន្ត កាលពីវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុច ផ្លូវកាត់ចូលក្រុងព្រះសីហនុ មុខរោងចក្រផលិតស្រាបៀរអង្គរ បត់ចុះមកមហោស្រពចាស់ កណ្តាលក្រុងព្រះសីហនុ ស្ថិតក្នុងក្រុមទី១៧ ភូមិ២ សង្កាត់លេខ២ ក្រុងខេត្តព្រះសីហនុ ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េ ប្រភេទ ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ គ៩៦៧៣ ភព២ បើកបរដោយយុវជនម្នាក់ មិនស្គាល់ឈ្មោះ (គេចខ្លួនក្រោយកើតហេតុ) មានដឹកមាន់ពេញទ្រុង ឱ្យក្រុមហ៊ុនស៊ីភី ចុះពីចំណោទ តាមផ្លូវលំវាងកាត់ ចូលក្រុងក្នុងបំណងយកមាន់ទាំងនោះ ទៅលក់នៅផ្សារលើ ក្នុងក្រុងព្រះសីហនុ បានដាច់ហ្រ្វាំង ហើយក៏ជ្រុលចង្កូតទៅបុកម៉ូតូ ឌុបមួយគ្រឿង ម៉ាកវីវ៉ា១២៥ ពណ៌ខ្មៅ សេរី២០០៨ ស្លាកលេខព្រះសីហនុ 1B-5147 បើកបរដោយ ឈ្មោះ ហាក់ ស្រុកកំណើតនៅ កោះកុង ទីលំនៅបច្ចុប្បន្នស្នាក់នៅ ផ្ទះជួលភូមិ១ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ហើយអូសជាប់ម៉ូតូចំងាយ៧៩ម៉ែត្រទើបឈប់ បណ្តាលឱ្យអ្នកបើកបរ ម៉ូតូរងរបួសធ្ងន់ (បញ្ជូនទៅសង្រ្គោះនៅភ្នំពេញ)។

ចំណែកអ្នកដំណើរខាងក្រោយឈ្មោះ សូ ម៉ារីណា ភេទស្រី អាយុ៩ឆ្នាំ ជាសិស្សសាលាស្លាប់ ខណៈពេលដែលបញ្ជូនទៅដល់ មន្ទីរពេទ្យឯកជន និងឈ្មោះ ទៀង គង្គា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមេផ្ទះ រងរបួសស្រាល ត្រូវជាម្តាយមីង ជនរងគ្រោះ ទាំងពីរនាក់ស្នាក់នៅក្រុម៦ ភូមិ៣ សង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ ។

បច្ចុប្បន្នរថយន្តបង្ក និងម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុដើម្បីរង់ចាំម្ចាស់ចូលមក ដោះស្រាយតាមផ្លូវច្បាប់ ៕

Photo

Photo

Photo

Photo

Photo

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល