ចិញ្ចៀននេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ទទួលអារម្មណ៍ដឹងបាននូវចង្វាក់បេះដូងរបស់មនុស្សជាទីស្រឡាញ់ បើទោះកំពុងនៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ។
នៅក្នុងសម័យបច្ចេកវិទ្យាដូចបច្ចុប្បន្ន ការទាក់ទងគ្នារវាងមនុស្សជាទីស្រឡាញ់ លែងនៅជាបញ្ហាធំទៀតហើយ។ អ្នកអាចហៅទូរស័ព្ទ ផ្ញើសារ អ៊ីមេល និងហៅទូរស័ព្ទមានវីដេអូ ពីគ្រប់ទិសទីក្នុងពិភពលោក។ ប៉ុន្តែ វិធីទំនាក់ទំនងខាងលើនេះ គ្មានវិធីណាមួយអាចជំនួសឱ្យការជួបមុខគ្នាផ្ទាល់បានទេ ពិសេសគឺនៅពេលអ្នកទាំងពីរនៅឆ្ងាយពីគ្នា។ យ៉ាងនេះក្ដី មកដល់ពេលនេះ មានឧបករណ៍មួយ ជួយឱ្យអ្នកទាំងពីរបានទទួលដឹងនូវចង្វាក់បេះដូងរវាងគ្នានឹងគ្នា។
ឧបករណ៍ខាងលើនេះ ត្រូវបានគេហៅថា ចិញ្ចៀន HB Ring ដែលជាផលិតផលរបស់ក្រុមហ៊ុន TheTouch។ ចិញ្ចៀននេះ មានរូបរាងសាមញ្ញ ត្រូវបានធ្វើឡើងអំពីដែកថែបមិនច្រេះ តែវាក៏មានកំណែដែលធ្វើអំពីមាសផងដែរ។ ផ្ទៃខាងលើរបស់ចិញ្ចៀននេះ ធ្វើអំពីថ្ម sapphire ដូច្នេះ វាមានភាពរឹងមាំនិងមិនចេះរលាត់។
បណ្ដាចិញ្ចៀននេះ នៅពេលតភ្ជាប់ជាមួយនឹងកម្មវិធីនៅលើស្មាតហ្វូន តាមរយៈ Bluetooth អ្នកគ្រាន់តែប៉ះទៅលើចិញ្ចៀនដែលកំពុងភ្ជាប់អ៊ីនធឺរណែត គឺអ្នកអាចចាប់ផ្ដើមទទួលដឹងអំពីចង្វាក់បេះដូងរបស់មនុស្សដែលអ្នកស្រឡាញ់ ក្នុងពេលវេលាជាក់ស្ដែង។
នៅពេលអ្នកប៉ះទៅលើចិញ្ចៀន វានឹងផ្ញើរលកសញ្ញា ទៅកាន់ចិញ្ចៀនដែលសង្សាររបស់អ្នកកំពុងពាក់ ហើយចិញ្ចៀននោះ នឹងចាប់ផ្ដើមស្ដាប់ចង្វាក់បេះដូង រួចផ្ញើមកកាន់ចិញ្ចៀនរបស់អ្នក។
ប្រែសម្រួល ៖ បុត្រា