ដោយសារតែភាពសម្បូរបែបផ្នែកកំសាន្តនៅលើ iPhone, iPad មនុស្សភាគច្រើនយល់ថា ក្រុមហ៊ុន Apple លែងយកចិត្តទុកដាក់ទៅលើផលិតផល iPod ដែលធ្លាប់ទទួលបានការនិយមកាលពីប៉ុន្មានឆ្នាំមុន។ ប៉ុន្តែ Apple បានបង្ហាញការយកចិត្តទុកដាក់របស់ខ្លួននៅពេលក្រុមហ៊ុននេះ ត្រៀមបញ្ចេញលក់ក្នុងទីផ្សារនូវម៉ូដែល iPod ថ្មី ដែលត្រូវបានកែលំអពីកំណែចាស់។

យោងតាម Mark GURMAN ដែលបានចុះផ្សាយនៅលើគេហទំព័រ 9to5Mac ឱ្យដឹងថា ដំណឹងខាងលើនេះត្រូវបានបង្ហើបឱ្យដឹងពីប្រភពផ្ទៃក្នុងនៃក្រុមហ៊ុន Apple ។ បណ្ដាកំណែ Nano និង Shuffle iPod នឹងមិនត្រូវបានកែលំអ ឬបន្ទាន់សម័យ ដូចទៅនឹង iPod Touch នោះទេ។ ប៉ុន្តែ កំណែ iPod ទាំងអស់នឹងមានបីពណ៌ថ្មី គឺពណ៌ខៀវចាស់ ពណ៌ផ្កាឈូក និងពណ៌លឿង។

iPod Touch ថ្មី ទទួលបានការកែលំអមួយចំនួន រួមមាន កាមេរ៉ា និងឈីប 64-bit ដើម្បីជួយអូសបន្លាយអាយុកាលរបស់ថ្ម ក៏ដូចជាដើម្បីសមស្របជាមួយនឹងកំណែ iOS ថ្មីបំផុត។ ជាងនេះ ឧបករណ៍នេះក៏នឹងបំពាក់ឈីប M ដើម្បីតាមដានការហាត់ប្រាណ ព្រមទាំងមានបំពាក់ជាស្រេចនូវ iOS 8.1 និង Apple Music។

តាមគម្រោង iPod Touch ថ្មីនឹងមានកំណែ 128 GB ដែលមានតម្លៃ 399 USD និងកំណែ 64 GB តម្លៃ 299 USD រួមនឹងកំណែ 16 GB តម្លៃ 199 USD ៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Appleinsider/Neowin