(តៃវ៉ាន់)៖ ទីភ្នាក់ងារព័ត៌មានតៃវ៉ាន់ បានចេញផ្សាយនៅមុននេះបន្តិចថា ក្រុមចោរបានលួចលុយ ប្រមាណ ២,១៧លានដុល្លារអាមេរិក ចេញពី ATM របស់ធនាគារតៃវ៉ាន់ First Bank នៅចន្លោះ ថ្ងៃទី៩-១០ ខែកក្កដានេះ។
ធនាគារបានបញ្ជាក់ឲ្យដឹងថា ក្រុមចោរបានប្រើប្រាស់មេរោគ (Malware) ដើម្បីជ្រៀតចូលទៅលួចលុយចេញពី ATM របស់សាខាធនាគារ First Bank ចំនួន ២០កន្លែង នៅក្នុងទីក្រុងតៃប៉ិ និងតៃជុង មានម៉ាស៊ីន ATM ចំនួន ៣៤កន្លែងត្រូវបានក្រុមចោរធ្វើសកម្មភាពលួច។
សារព័ត៌មានក្នុងស្រុកបានចេញផ្សាយថា ជនសង្ស័យនឹងករណីនេះ ចំនួន ៣នាក់ ត្រូវបានចាកចេញពីតៃវ៉ាន់ នៅថ្ងៃចន្ទម្សិលមិញនេះ ដោយក្នុងនោះប៉ូលិសបានបញ្ជាក់ថា ជាជនជាតិរុស្ស៊ី ហើយមកដល់ពេលនេះប៉ូលិស កំពុងតែធ្វើការស៊ើបអង្កេត៕
ប្រភព ៖ CNA