ការសិក្សាស្រាវជ្រាវថ្មីរបស់អ្នកវិទ្យាសាស្ដ្របែលហ្ស៊ិកបង្ហាញថា នៅពេលព្រះអាទិត្យរីកធំជាងបច្ចុប្បន្ន ១០០ដង វានឹងលេបត្របាក់ភពពុធ(Mercury) និងភពសុក្រ (Venus) ហើយជីវិតនៅលើផែនដីនឹងក្លាយទៅជាផេះទាំងស្រុង។

/

ជិវិតនៅលើផែនដីនឹង​ក្លាយជាផេះ ពេលព្រះអាទិត្យ​រីកធំជាបច្ចុប្បន្ន ១០០ដង

International Business Times ឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ដ្រនៅ Leuven ប្រទេសបែលហ្ស៊ិក អាចព្យាករណ៍អំពីអនាគតរបស់ប្រព័ន្ធព្រះអាទិត្យ ដោយយោងទៅលើផ្កាយនៅក្បែរព្រះអាទិត្យដែលមានចម្ងាយពីផែនដី ១០៨ឆ្នាំពន្លឺ ជាមួយនឹងភពដែលកំពុងងាប់បន្តិចម្ដងៗ។

នៅក្នុងការរកឃើញដែលត្រូវបានប្រកាសនៅលើទស្សនវដ្ដី Astronomy and Astrophysicsក្រុមអ្នកវិទ្យាសាស្ដ្របានប្រើប្រាស់តេឡេស្កូប ALMA រួមនឹងអង់តែនចំនួន ៦៦ ដើម្បីពិនិត្យមើលផ្កាយ L2 Puppis។ កាលពី៥ពាន់លានឆ្នាំមុន ផ្កាយនេះ មានសភាពដូចព្រះអាទិត្យបច្ចុប្បន្ន។ ប៉ុន្តែ បច្ចុប្បន្ន វាជាផ្កាយមួយដែលជិតនឹងងាប់។

សាស្ដ្រាចារ្យ Leen Decin នៅស្ថានិយតារាសាស្ដ្រ KU Leuven ឱ្យដឹងថា “បន្ទាប់ពី ៥ពាន់លានឆ្នាំទៀត ព្រះអាទិត្យនឹងរីក ធំជាងបច្ចុប្បន្ន ១០០ដង។ ក្រោយរយៈពេល ៧ពាន់លានឆ្នាំទៀត ព្រះអាទិត្យនឹងក្លាយជាផ្កាយតូចមួយដែលមានទំហំស្មើនឹងផែនដី ប៉ុន្តែធ្ងន់ជាងទម្ងន់របស់ផែនដីច្រើនដង”។

អ្នកវិទ្យាសាស្ដ្រ Ward Homan ថ្លែងថា ផ្កាយ L2 Puppis មានអាយុកាលប្រហែល ១០ពាន់លានឆ្នាំ។ “កាលពី៥ពាន់លានឆ្នាំមុន ផ្កាយនេះគឺមានរូបរាង និងទម្ងន់ដូចព្រះអាទិត្យ។ ១/៣នៃទំហំរបស់វា បានត្រូវបាត់បង់ក្នុងអំឡុងពេលវិវត្តន៍។ ប្រការដូចគ្នានេះ ក៏នឹងកើតឡើងចំពោះព្រះអាទិត្យនាពេលអនាគតផងដែរ”។

សាស្ដ្រាចារ្យ Decin និយាយថា “យើងខ្ញុំដឹងថា ព្រះអាទិត្យនឹងកាន់តែធំឡើងៗ និងភ្លឺឡើងៗ ដូច្នេះ វាអាចនឹងបំផ្លាញសភាវមានជីវិតនៅលើផែនដី។ ប៉ុន្តែ ស្នូលរបស់ផែនដីនឹងនៅតែមាន និងបន្តវិលជុំវិញស្នូលរបស់ព្រះអាទិត្យដែលបានក្លាយជាផ្កាយ ស តូចមួយ”៕

ប្រែសម្រួល ៖ តារាប្រភព ៖ itechpost