នាពេលថ្មីៗនេះ សេតវិមានបានឱ្យដឹងថា លោក Gary Cohn ដែលជាទីប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិក កំពុងដាក់ពាក្យលាឈប់ពីតំណែង។ ការលាឈប់ពីតំណែងនេះ គឺជាការចាកចេញចុងក្រោយបំផុតនៃក្រុមការងាររបស់លោក Trump ដែលធ្វើឱ្យសាធារណជន មានការចាប់អារម្មណ៍ជាខ្លាំង។

មនុស្សមួយចំនួន បានធ្វើការរប៉ាន់ស្មានថា លោក Cohn ដែលជាអ្នកគាំទ្រពាណិជ្ជកម្មសេរី បានខឹងសម្បាចំពោះគម្រោងរបស់លោក Trump ក្នុងការយកពន្ធលើការនាំចូលអាលុយមីញ៉ូម និងដែកថែប។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញដោយសេតវិមាន បានឱ្យដឹងថា លោក Cohn បាននិយាយថា វាជា កិត្តិយសធំធេងមួយ ក្នុងការបម្រើប្រទេសរបស់ខ្ញុំ ។ អតីតប្រធានធនាគារ Goldman Sachs អាយុ ៥៧ ឆ្នាំរូបនេះ បានជួយលោក Trump បង្កើតផែនការធ្វើកំណែទម្រង់ពន្ធដារគ្រប់ជ្រុងជ្រោយរបស់លោកកាលពីឆ្នាំមុន។

កាលពីខែសីហា ឆ្នាំ ២០១៧ លោក Cohn បានរិះគន់ប្រតិកម្មរបស់លោក Trump ចំពោះការជួបជុំក្រុមស្តាំនិយម នៅទីក្រុង Charlottesville រដ្ឋ Virginia ដោយនិយាយថា រដ្ឋបាលនេះ គួរតែត្រូវធ្វើឱ្យបានល្អប្រសើរជាងនេះ ។

លោក Cohn បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកថា៖ ខ្ញុំមានកិត្តិយសណាស់ ដែលបានបម្រើប្រទេសរបស់ខ្ញុំ និងបានចូលរួមអនុម័តគោលនយោបាយសេដ្ឋកិច្ចលើការធ្វើអាជីវកម្មដីធ្លី និងធនធានធម្មជាតិ ដើម្បីផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋអាមេរិក ជាពិសេសការធ្វើកំណែទម្រង់ពន្ធអាករជាប្រវត្តិសាស្ត្រ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Trump បានពិពណ៌នាអំពីទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកថា ជាមនុស្ស ដែលមាន ទេពកោសល្យដ៏កម្រ ។

/

លោកបន្ថែមថា៖ “លោក Gary  បានបំពេញការងារយ៉ាងល្អ ក្នុងការជំរុញរបៀបវារៈរបស់យើង ព្រមទាំងជួយដល់ការកាត់បន្ថយ និងធ្វើកំណែទម្រង់ការយកពន្ធជាប្រវតិ្តសាស្រ្ត និងបន្ថយគំនាបសេដ្ឋកិច្ចអាមេរិកជាថ្មីម្តងទៀត ។ លោក គឺជាមនុស្ស ដែលមានទេពកោសល្យដ៏កម្រ ហើយខ្ញុំសូមអរគុណលោក ចំពោះការបម្រើរបស់លោកចំពោះប្រជាជនអាមេរិក។

សូមបញ្ជាក់ផងដែរថា កាលពីសប្ដាហ៍មុន ជំនួយការម្នាក់របស់លោក Trump គឺលោកស្រី Hope Hicks ក៏បានលាលែងពីតំណែងផងដែរ។ លោកស្រី គឺជាមនុស្សទីបួន ដែលបានបម្រើការជាប្រធានផ្នែកទំនាក់ទំនងរបស់ប្រធានាធិបតី ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ ប៊ីប៊ីសុី