ព្យុងយ៉ាង៖ សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ឬ ហៅថាប្រទេស កូរ៉េខាងជើង បាន ប្តេជ្ញានៅថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៣ នេះថា ខ្លួននឹងប្រតិបត្តិវិធានការ ដាច់ខាតមួយ ប្រសិនបើ កូរ៉េខាងត្បូង ហ៊ានចូលរួម ដោយផ្ទាល់ ជាមួយនឹងការដាក់ ទណ្ឌកម្មខ្លួននៅ អង្គការ សហប្រជាជាតិនោះ ហើយវាក៏នឹងមានន័យថា ជាការ ប្រកាសសង្គ្រាម ប្រឆាំងទៅនឹងរដ្ឋ កុម្មុយនិស្តទីក្រុង ព្យុងយ៉ាងផងដែរ។
គណកម្មាធិការសម្រាប់ការរួបរួមដោយសន្តិភាពរបស់កូរ៉េ បានបញ្ជាក់នៅក្នុងសេចក្តី ថ្លែងការណ៍របស់ខ្លួន ដែល ចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ថា “យើងសូម ប្រកាស ទុកជាមោឃៈទាំងស្រុងនូវ សេចក្តី ប្រកាស រួមស្តីពី ការរំលាយអាវុធនុយក្លេអ៊ែរ នៅ ឧបទ្វីបកូរ៉េដែលបាន ដាក់កាលពីឆ្នាំ ១៩៩២ និង ការពាក់ព័ន្ធ ផ្សេងៗទៀតទាំងអស់។ ល្គឹក ណាកូរ៉េខាងត្បូងនៅតែប្រកាន់ នយោបាយដ៏គឃ្លើននោះ ប្រទេសកូរ៉េខាងជើង នឹងមិន ធ្វើការចរចាជាមួយអ្នកណានោះឡើយ។”
គួរបញ្ជាក់ផងដែរថា គណកម្មាធិការកូរ៉េខាងជើងខាងលើក៏ បានអះអាងផងដែរ អំពីការ ត្រៀម ឆ្លើយតបរបស់ខ្លួន ទៅនឹងការបង្កហេតុនានា ជាពិសេសអ្វីដែលបានគម្រាម ទៅនឹងគោលការណ៍ នៃការរួបរួមគ្នា នៃប្រទេសដើម កំណើត តែមួយទាំងពីរ។ ចំពោះការតម្លើងឥទ្ធិពលរបស់កូរ៉េ ខាងជើងនេះដែរ បានកើតឡើងបន្ទាប់ពី ដំណោះ ស្រាយរបស់ក្រុមប្រឹក្សា សន្តិសុខនៃអង្គការ សហប្រជាជាតិលេខ ២០៨៧ ឲ្យតម្រូវឲ្យរដ្ឋកុម្មុយនិស្ត មួយនេះ អនុវត្តន៍ ទៅតាមដំណោះ ស្រាយទាំងអស់ដែលអន្តរជាតិ បានធ្វើកាលពីពេល កន្លងមកនេះ ដោយបញ្ឈប់នូវរាល់ សកម្មភាពសាកល្បងបាញ់ បង្ហោះគ្រាប់គ្រប់ប្រភេទ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល