ស៊ីអិនអិន៖ ប្រធានាធិបតីប្រទេសកូដូវ័រ បានប្រកាសកាន់ ទុក្ខរយៈពេលបីថ្ងៃ និងសន្យាថាបង្កើន ល្បឿននៃការ ស៊ើបអង្កេត នៅក្នុងឧប្បតិហេតុ រត់ជាន់គ្នាបណ្តាលឲ្យ ស្លាប់មនុស្សចំនួន ៦០នាក់ ដែលភាគច្រើនជាស្រ្តី និងកុមារ នៅថ្ងៃប្រារព្ធពីធីចូលឆ្នាំថ្មី ។
យោងតាមទីភ្នាក់ងារព័ត៌មានស៊ីអិនអិន បានឲ្យដឹងនៅថ្ងៃពុធ ទី០២ ខែមករា ឆ្នាំ២០១៣ ដោយលើកឡើង នូវការថ្លែងរបស់មន្រ្តីវិមានប្រធានាធិបតី ដែលបានចេញផ្សាយកាលពីរាត្រីថ្ងៃអង្គារថា «លោកប្រធានាធិបតី បានបង្ហាញពីសមានទុក្ខ យ៉ាងជ្រាលជ្រៅចំពោះគ្រួសារ និងសាច់ញាតិជិតស្និតនឹងជនរងគ្រោះ ដោយ លោកបានបង្ហាញពីក្តីអាណិតអាសូរ ក្នុងកាលៈទេសៈដ៏ឈឺចាប់នេះ»។
មន្រ្តីរបស់លោកបាននិយាយថា «លោក អាឡាសាន់ អ៊ុតតារ៉ា បានទៅកាន់ទីកន្លែងកើតហេតុរត់ជាន់គ្នានោះ និងបានបញ្ជាឲ្យមន្រ្តីរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់ចំពោះអ្នករងរបួសទំាងអស់នោះ»។
ជាមួយគ្នានោះដែរ នៅក្នុងសេចក្តីថ្លែងបានបន្តថា «លោកនឹងស្នើសុំឲ្យមានការស៊ើបអង្កេត ឲ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ដើម្បីបញ្ជាក់ពីមូលហេតុដែលនាំឲ្យមានការរត់ជាន់គ្នានេះកើតឡើង»។
គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង ១រំលងអាធ្រាត ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៣ ក្រោយពីមានការបាញ់កាំជ្រួចអបអរឆ្នាំថ្មី នៅទីក្រុង អាប៊ីដចាន ដែលជាទីក្រុងធំជាងគេក្នុងប្រទេស មានហេតុការណ៍រត់ជាន់គ្នាដ៏រន្ធត់មួយកើតឡើង បន្ទាប់ពីមនុស្សរាប់រយនាក់ព្យាយាមត្រឡប់មកផ្ទះ បណ្តាលឲ្យបាត់បង់អាយុជីវិតមនុស្សអស់ ៦០នាក់ ក្នុងនោះមានកុមារចំនួន ២៦នាក់ ស្រ្តី ២៨នាក់ និងបុរស ៦នាក់ផងដែរ៕


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល