តាមរយៈរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី ២ ដែលប្រកាសឡើងកាលពីថ្ងៃម្សិលម៉ិញ, Apple ជាថ្មីម្តងទៀតបានបង្ហាញអោយឃើញថា ក្រុមហ៊ុននេះទទួលបានប្រាក់ចំណូលយ៉ាងច្រើនមហិមា និងបរិមាណលក់ចេញសមិទ្ធិផល iPhone មានកំរិតលើសពីអ្វីដែលអ្នកជំនាញធ្វើការរំពឹងទុកនាពេលកន្លងមក។ ប៉ុន្តែទោះជាយ៉ាងណាបរិមាណលក់ចេញផលិតផល iPad មិនទទួលបានដូចការរំពឹងទុកនោះឡើយ។ជាក់ស្តែងនៅក្នុងត្រីមាសកន្លងមក, Apple ទទួលបានបា្រក់ចំណូលចំនួន ៣៩,២ពាន់លានដុល្លាអាមេរិកនិងប្រាក់ចំណេញ ១១,៦ពាន់លានដុល្លាអាមេរិក ,មានន័យថាប្រាក់ចំណេញលើភាគហ៊ុនមួយសន្លឹកទទួលបាន ១២,៣០ ដុល្លាអាមេរិកគឺមានចំនួនលើសពីការរំពឹងទុក (ការរំពឹងទុកកន្លងមកប្រាក់ចំណូល ៣៦,៧ ពាន់លានដុល្លាអាមេរិក ប្រាក់ចំណេញលើប័ណ្ណភាគហ៊ុនមួយសន្លឹក ៩,៩៩ ដុល្លាអាមេរិក)។ នៅក្នុងត្រីមាសដូចគ្នាកាលពីឆ្នាំទៅ ក្រុមហ៊ុនទទួលបានប្រាក់ចំណូលចំនួន ២៦,៦៧ ពាន់លានដុល្លាអាមេរិក ប្រាក់ចំណេញលើភាគហ៊ុនមួយសន្លឹកគឺ ៦,៤០ ដុល្លាអាមេរិក។ នៅក្នុងត្រីមាសបច្ចុប្បន្ន( នឹងបញ្ចប់នៅក្នុងខែមិថុនាខាងមុខ), Apple អោយដឹងថាខ្លួនរំពឹងថានឹងទទួលបានប្រាក់ចំណូលចំនួន ៣៤ ពាន់លានដុល្លាអាមេរិក។ជាក់ស្តែងអំពីបរិមាណលក់ចេញ ក្រុមហ៊ុន Apple លក់ iPhone បានចំនួន ៣៥,១ លានគ្រឿងនៅក្នុងត្រីមាស( ការរំពឹងទុកគឺ ៣០,៥ លានគ្រឿង ) កើនឡើងចំនួន ៨៨% ធៀបជាមួយបរិមាណលក់ចេញនៃសមិទ្ធិផលតែមួយនេះនៅក្នុងត្រីមាសកាលពីឆ្នាំកន្លងទៅ ប៉ុន្តែមានការធ្លាក់ចុះបើធៀបជាមួយចំនួន ៣៧ លានគ្រឿងដែលបានលក់ចេញនៅក្នុងត្រីមាសទី ១ កន្លងមក។សមិទ្ធិផលដែលមិនទទួលបានដូចការរំពឹងទុកនោះគឺ iPad ។ Apple លក់ iPad បានចំនួន ១១,៨លានគ្រឿង គឺមានការកើនឡើងចំនួន ១៥១% ធៀបជាមួយចំនួន ៤,៦៩លានគ្រឿងនៃសមិទ្ធិផល iPad ដែលក្រុមហ៊ុនលក់ចេញនៅក្នុងត្រីមាសដូចគ្នាកាលពីឆ្នាំកន្លងទៅ។ ប៉ុន្តែបើតាមការរំពឹងទុករបស់អ្នកជំនាញចំនួននេះត្រូវតែពី ១២ ទៅ ១៣ លានគ្រឿង។
width=600
ថ្វីត្បិតតែបរិមាណលក់ចេញ iPad មិនទទួលបានដូចការរំពឹងទុក ប៉ុន្តែ Apple នៅតែទទួលបានប្រាក់ចំណូលយ៉ាងច្រើនមហិមាក្នុងត្រីមាសទី ២ ឆ្នាំ ២០១២ នេះ។
បរិមាណលក់ចេញរបស់សមិទ្ធិផលកុំព្យូទ័រ Mac ក៏មានការកើនឡើងចំនួន ៧% ផងដែរធៀបជាមួយត្រីមាសដូចគ្នាកាលពីឆ្នាំទៅ ប៉ុន្តែមិនទទួលបានដូចអ្វីដែលក្រុមហ៊ុនរំពឹងទុកនោះឡើយ។ Apple លក់កុំព្យូទ័រ Mac ក្នុងត្រីមាសនេះបានពី ៤,១ លានគ្រឿងទៅ ៤,៤ លានគ្រឿង។ ចំណែកបរិមាណលក់ចេញផលិតផល iPod គឺបានចំនួន ៧,៧លានគ្រឿង ធ្លាក់ចុះចំនួន ១៥% ធៀបជាមួយឆ្នាំទៅ។​នៅក្នុងការជួញដូរភាគហ៊ុនក្រៅម៉ោង តំលៃភាគហ៊ុនរបស់ Apple បានកើនឡើងបន្ថែមចំនួន ៣៨,៥៦ ដុល្លាអាមេរិកក្នុងមួយភាគហ៊ុន គឺកើនឡើងចំនួន ៦,៨៨%។ នៅមុនពេលធ្វើសេចក្តីប្រកាស តំលៃភាគហ៊ុនត្រូវបានគេព្យាករណ៍ថានឹងមានការធ្លាក់ចុះ ដោយសារបរិមាណលក់ចេញនៃសមិទ្ធិផលកុំព្យូទ័រ Mac មិនទទួលបានដូចការរំពឹងទុក, អ្នកវិនិយោគលក់ភាគហ៊ុន,ក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធើណែតបន្ថយការផ្គត់ផ្គង់សមិទ្ធិផល៕
ប្រភព៖ Cnetដោយ៖ រស្មី