អង្គការរដ្ឋអ៊ីស្លាម បានប្រហារជីវិតមនុស្សចំនួន ២៣២នាក់ នៅជិតក្រុង Mosul និងបានចាប់ខ្លួនមនុស្សរាប់ម៉ឺននាក់ផ្សេងទៀត ដើម្បីធ្វើជា “របងការពារ” ដើម្បីទប់ទល់នឹងការវាយប្រហារពីកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់។

/

ISIS បានប្រហារជីវិតប្រជាជនស្លូតត្រង់ ២៣២នាក់ នៅក្បែរក្រុង Mosul 

អង្គការរដ្ឋអ៊ីស្លាម ISIS កាលពីថ្ងៃទី ២៦តុលា បានបង្កឱ្យមានអំពើដ៏សាហាវនៅក្នុងទីរួមស្រុកមួយក្បែរក្រុង Mosul ប្រទេសអ៊ីរ៉ាក់ និងបានដាក់ទណ្ឌកម្មអ្នកណាដែលមិនធ្វើតាមបញ្ជារបស់ពួកវា នេះបើតាមទំព័រ CNN ដកស្រង់សំដី Ravina Shamdasani អ្នកនាំពាក្យរបស់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។

Shamdasani ថ្លែងថា “ISIS បានប្រហារជីវិតជនស្លូតត្រង់ ៤២នាក់ នៅ Hammam al-Alil ភាគខាងត្បូងក្រុង Mosul។ ក្នុងថ្ងៃទី ២៦តុលាដដែល ISIS ក៏បានប្រហារជីវិតអតីតបុគ្គលិកសន្តិសុខអ៊ីរ៉ាក់ចំនួន ១៩០នាក់ នៅមូលដ្ឋាន Al Ghazlani ក្បែរ Mosul ដោយសារតែបានបដិសេធមិនចូលរួមជាមួយអង្គការនេះ”។ អតីតសន្តិសុខ ២៤នាក់ផ្សេងទៀត ក៏ត្រូវបានគេជឿថា ត្រូវបានសម្លាប់ដោយក្រុម ISIS នៅមុននោះមួយថ្ងៃ។

ចាប់តាំងពីថ្ងៃទី ១៧តុលា មកដល់ពេលនេះ ISIS បានចាប់ខ្លួនបុរស ស្ដ្រី និងកុមាររាប់ម៉ឺននាក់ពីតំបន់ក្បែរក្រុង Mosul ដើម្បីនាំចូលមកខាងក្នុងក្រុង។ Shamdasani ឱ្យដឹងថា អង្គការសហប្រជាជាតិមានការព្រួយបារម្ភថា ISIS អាចនឹងមានបំណងប្រើប្រាប់មនុស្សទាំងនេះ ដើម្បីធ្វើជារបងការពារដើម្បីទប់ទល់នឹងការវាយប្រហារពីកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់។

យោងតាមរបាយការណ៍មួយចំនួន ISIS បានចាប់ខ្លួនមនុស្សយ៉ាងតិច ៥.៣៧០គ្រួសារ នៅជុំវិញទីរួមស្រុក al Shura និង១៥០គ្រួសារផ្សេងទៀតពីតំបន់ Hammam al-Alil។ ក្រៅពីនេះ មនុស្សចំនួន ១៦០គ្រួសារនៅទីរួមស្រុក Qayyara និង ២.២១០គ្រួសារនៅក្នុងតំបន់ Nimrud នៃខណ្ឌ Hamdaniya ក៏កំពុងស្ថិតក្នុងកណ្ដាប់ដៃរបស់ ISIS។ មនុស្សទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ទីតាំងយុទ្ធសាស្ដ្រដែលក្រុម ISIS កំពុងកាន់កាប់។

/

អង្គការរដ្ឋអ៊ីស្លាម បានប្រហារជីវិតមនុស្សចំនួន ២៣២នាក់ នៅជិតក្រុង Mosul និងបាន​ចាប់ខ្លួនមនុស្ស​រាប់ម៉ឺននាក់ដើម្បី​ធ្វើជា របងការពារ

ក្រុម ISIS ធ្លាប់បានប្រើប្រាស់ប្រជាជនស្លូតត្រង់ធ្វើជារបងការពារក្នុងការប្រយុទ្ធគ្នាមុននេះនៅអ៊ីរ៉ាក់ ពិសេសគឺនៅលើសមរភូមិ Falluja កាលពីខែមិថុនា។

ប្រែសម្រួល ៖ តារាប្រភព ៖ CNN