ប្រធានាធិបតីអាមេរិក បានថ្កោលទោសករណីសាកល្បងនុក្លេអែររបស់កូរ៉េខាងជើងថាជា “ការគំរាមកំហែងយ៉ាងខ្លាំង” ដល់សន្តិសុខក្នុងតំបន់ ហើយលោកនឹងធ្វើការជាមួយដៃគូដើម្បីដាក់ទណ្ឌកម្មថ្មីទៅលើកូរ៉េខាងជាង។

ទីតាំងកណ្ដាលនៃការញាប់ញ័រផែនដី ដោយសារការសាកល្បងនុយក្លេអែររបស់កូរ៉េខាងជើង
Reuters ដកស្រង់សំដីរបស់លោក Obama កាលពីម្សិលមិញ ឱ្យដឹងថា “និយាយឱ្យច្បាស់ គឺថា អាមេរិក មិន នឹងមិនទទួលស្គាល់កូរ៉េខាងជើងថាជាមហាអំណាចនុយក្លេអែរ”។ ប្រធានាធិបតីអាមេរិកនឹងធ្វើការដើម្បី “បោះជំហានទៅមុខ ដូចជាការដាក់ទណ្ឌកម្មថ្មី ដើម្បីឱ្យកូរ៉េខាងជើងឃើញអំពីលទ្ធផលនៃទង្វើគ្រោះថ្នាក់ និងខុសច្បាប់របស់ប្រទេសនេះ”។
មេដឹកនាំអាមេរិក បានពិភាក្សាតាមទូរស័ព្ទជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye និងនាយករដ្ឋមន្ដ្រីជប៉ុន Shinzo Abe បន្ទាប់ពីបានដឹងអំពីការសាកល្បងនុយក្លេអែរលើកទី ៥ ដែលជាការសាកល្បងធំបំផុតរបស់កូរ៉េខាងជើង។ អង្គការសហប្រជាជាតិ កាលពីម្សិលក៏បានបើកកិច្ចប្រជុំមួយទៅតាមការស្នើរបស់អាមេរិក និងជប៉ុនដើម្បីពិភាក្សាអំពីករណីសាកល្បងនុយក្លេអែរថ្មីបំផុតរបស់ក្រុងព្យុងយ៉ាង។
កូរ៉េខាងជើង កាលពីម្សិលមិញក៏បានប្រកាសអំពីជោគជ័យនៃការសាកល្បងបំផ្ទុះក្បាលគ្រាប់នុយក្លេអែរ ចំថ្ងៃបុណ្យឯករាជ (៩កញ្ញា) លើកទី ៦៨។ ទីភ្នាក់ងារអង្កេតភូគព្ភសាស្ត្រអាមេរិក បានឱ្យដឹងថា ការរញ្ជួយដីកម្លាំង ៥,៣ Richter កើតឡើងនៅឯវាលសាកល្បងនុយក្លេអែរ Punggye-ri របស់កូរ៉េខាងជើង។ ការសាកល្បងនេះក៏បានធ្វើឱ្យផែនដីញាប់ញ័រនៅតាមព្រំដែនចិន និងកូរ៉េខាងជើងផងដែរ។
ប្រែសម្រួល ៖ តារាប្រភព ៖ Reuters