យន្តហោះធុនស្រាលមួយគ្រឿងរបស់នគរបាលឥណ្ឌូនេស៊ី ដែលមានដឹកមនុស្ស១៥នាក់ កាលពីម្សិលមិញ បានបាត់ខ្លួន ហើយបើតាមការសន្និដ្ឋាន យន្តហោះនេះអាចធ្លាក់ចូលក្នុងសមុទ្រ ពេលកំពុងឆ្ពោះទៅកាន់កោះ Batam ភាគខាងត្បូងប្រទេសសិង្ហបុរី។

/

យន្ដហោះ M-28 Skytruck របស់ឥណ្ឌូនេស៊ី

 

យន្តហោះនេះ បានហោះហើរពីទីរួមស្រុក Pangkal Pinang នៃកោះ Bangka ប្រទេសឥណ្ឌូនេស៊ី នៅវេលាម៉ោងប្រហែល ៩និង៣០នាទី ត្រូវបានគេជឿថា បានធ្លាក់ចូលក្នុងទន្លេ នៅចន្លោះបណ្ដាកោះ Mensanak និង Sebangka ឬ Gentar នៅលំហសមុទ្រនៃកោះ Sumatra នេះបើតាមទំព័រ Reuters។ យន្តហោះនេះគឺប្រភេទ M-28 Skytruck ជាកម្មសិទ្ធិរបស់នគរបាលឥណ្ឌូនេស៊ី។

ក្រុមអ្នកជួយសង្គ្រោះ ស្រង់បានឧបករណ៍ប្រើប្រាស់មួយចំនួនដែលគេជឿថាជារបស់យន្តហោះដែលបាត់ខ្លួននេះ ដូចជាកៅអី ឯកសារ។ល។

យោងតាមទីភ្នាក់ងារស្វែងរក និងសង្គ្រោះឥណ្ឌូនេស៊ី (Basarnas) បណ្ដារបស់របរប្រើប្រាស់របស់អ្នកដំណើរក៏ត្រូវបានគេរកឃើញ។ Bambang Soelistyo ប្រធាន Basarnas បានឱ្យដឹងថា “យើងខ្ញុំបានរកឃើញបំណែកនានា”។

Bambang Soelistyo ឱ្យដឹងថា មកដល់ពេលនេះ គេមិនទាន់ដឹងប្រាកដថា មានអ្នកនៅមានជីវិត ឬយ៉ាងណានោះទេ ហើយគេក៏មិនទាន់រកឃើញសាកសពណាមួយនោះដែរ។

យោងតាមទីភ្នាក់ងារអាកាសចរណ៍ស៊ីវិលសិង្ហបុរី ទីតាំងចុងក្រោយនៅលើរ៉ាដារបស់យន្តហោះខាងលើ ស្ថិតនៅចម្ងាយពីក្រុង Tanjung Pinang ប្រហែល ៨០គីឡូម៉ែត្រទៅភាគខាងត្បូង។

ប្រែសម្រួល ៖ តារាប្រភព ៖ ibtime