យុវវ័យឥណ្ឌូនេស៊ី ១៣នាក់ ក្នុងនោះមាននារីម្នាក់ ត្រូវបានគេពិន័យដោយវាយនឹងរំពាត់ នៅចំពោះមុខមនុស្សរាប់រាប់រយនាក់ ព្រោះតែមានកាយវិការស្និទ្ធស្នាលនឹងគ្នា។

/

កាលពីថ្ងៃទី ១៧តុលា នៅឯវិហារអ៊ីស្លាមមួយនៅក្នុងទីរួមខែត្រ Banda Aceh យុវវ័យ៦គូដែលមានវ័យចាប់ពី ២១ដល់៣០ឆ្នាំ ត្រូវបានគេដាក់ពិន័យ ក្រោមការចោទប្រកាន់ពីបទស្និទ្ធស្នាលជាមួយមនុស្សផ្ទុយភេទនៅពេលមិនទាន់រៀបការ ដូចជាប៉ះពាល់ ឱប និងថើបគ្នាជាដើម។

បុរសម្នាក់ផ្សេងទៀត ក៏ត្រូវបានពិន័យ ព្រោះបាននៅជាមួយមនុស្សផ្ទុយភេទនៅទីកំបាំង។ ក្នុងវិន័យនៃសាសនាអ៊ីស្លាមបានចែងថា ប្រការនេះ អាចនឹងនាំឱ្យមានអំពើផិតក្បត់។

ក្នុងចំណោមមនុស្សដែលមានទោស មាននារីម្នាក់អាយុ២២ឆ្នាំ ត្រូវបានពន្យាពេលនៃការដាក់ពិន័យ ព្រោះនាងកំពុងមានផ្ទៃពោះ ប៉ុន្តែ នារីទាំងឡាយក្រៅពីនេះ សុទ្ធតែបានស្រែកយំក្នុងការឈឺចាប់ពេលត្រូវវាយនឹងរំពាត់នៅចំពោះមុខមហាជនដែលកំពុងស្រែកថ្កោលទោស។

/

លោក Aceh Zainal Arifin ចៅហ្វាយក្រុងរងរបស់ខែត្រ Banda Aceh បានឱ្យដឹងថា លោកសង្ឃឹមថា ការពិន័យដោយរំពាត់នេះនឹងមានប្រសិទ្ធភាព។ លោកថ្លែងថា “យើងខ្ញុំសង្ឃឹមថា ក្នុងអនាគតនឹងមិនមានអ្នកបំពានច្បាប់នៅ Banda Aceh”។

Banda Aceh គឺជាខែត្រតែមួយគត់នៅ ឥណ្ឌូនេស៊ី ដែលប្រើប្រាស់ច្បាប់សាសនាអ៊ីស្លាម Sharia បន្ទាប់ពីបានទទួលសិទ្ធិគ្រប់គ្រងដោយស្វ័យភាពចាប់ពីឆ្នាំ ២០១១ ក្នុងកិច្ចប្រឹងប្រែងបញ្ឈប់ការបះបោរទាមទារឯករាជ។

/

/

ក្នុងវិន័យនៃសាសនាអ៊ីស្លាមក៏បានចែងថា អ្នកដែលបានបំពានច្បាប់ដូចជា លេងល្បែងស៊ីសង ផឹកស្រា មានទំនាក់ទំនងផ្លូវភេទនៃមនុស្សភេទដូចគ្នាជាដើម នឹងត្រូវបានគេដាក់ពិន័យដោយវាយនឹងរំពាត់៕

ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail