យានអវកាសចំនួនពីររបស់ NASA នឹងទៅកាន់បណ្ដាកូនភពដែលមិនធ្លាប់ត្រូវបានគេសិក្សាស្រាវជ្រាវ ដើម្បីស្វែងយល់អំពីការកកើតរបស់ប្រព័ន្ធព្រះអាទិត្យ កាលពីយុគសម័យដំបូង។

បេសកកម្ម Lucy និង Psyche នឹងជួយឱ្យ NASA បកស្រាយអំពីប្រភពរបស់ប្រព័ន្ធព្រះអាទិត្យ
ក្នុងសន្និសីទពីចម្ងាយ ដែលត្រូវបានធ្វើឡើងកាលពីម្សិលមិញ NASA ឱ្យដឹងថា បេសកកម្មចំនួនពីរដែលមានឈ្មោះថា Lucy និង Psyche អាចនឹងបង្ហើបឱ្យដឹងអំពីយុគសម័យដំបូងនៃប្រវត្តិរបស់ប្រព័ន្ធព្រះអាទិត្យ អំឡុងពេលមិនដល់ ១០លានឆ្នាំ បន្ទាប់ពីព្រះអាទិត្យកកើត នេះបើតាម Seeker។
បេសកកម្មចំនួនពីរនេះត្រូវបានជ្រើសចេញពីគម្រោងចុងក្រោយចំនួន៥ និងកំពុងស្ថិតក្នុងដំណាក់កាលធ្វើគម្រោងជាមួយនឹងគោលដៅបាញ់បង្ហោះយានស្រាវជ្រាវនៅឆ្នាំ ២០២១ និង ២០២៣។
Thomas Zurbuchen អនុប្រធានគណកម្មការបេសកកម្មវិទ្យាសាស្ដររបស់ NASA ឱ្យដឹងថា “Lucy នឹងទៅស្រាវជ្រាវបណ្ដាកូនភព Trojan ដ៏អាថ៌កំបាំងរបស់ភពព្រហស្បតិ៍ ខណៈដែល Psyche នឹងស្រាវជ្រាវបណ្ដាកូនភពលោហធាតុដែលមិនធ្លាប់ត្រូវបានស្រាវជ្រាវកន្លងមក។ នេះគឺជាគោលដៅនៃបណ្ដាបេសកកម្មក្នុងកម្មវិធី Discovery”។
Lucy គឺជាយានអវកាសបញ្ជាដោយស្វ័យប្រវត្ត ដែលនឹងត្រូវបានគេបាញ់បង្ហោះនៅខែតុលា ឆ្នាំ ២០២១។ យាននេះនឹងហោះទៅកាន់គោលដៅដំបូងគឺកូនភពមួយនៅតំបន់ខ្សែក្រវាត់ នៅចន្លោះភពព្រះអង្គារ និងភពព្រហស្បតិ៍ នាឆ្នាំ ២០២៥។ ចាប់ពីឆ្នាំ ២០២៧ ដល់ឆ្នាំ ២០៣៣ Lucy នឹងស្រាវជ្រាវកូនភព Trojan ផ្សេងៗចំនួន ៦។ កូនភពទាំងនេះ ត្រូវទំនាញរបស់ភពព្រហស្បតិ៍ ទាញចូលក្នុងគន្លងគោចរ។ ពួកវាត្រូវបានគេជឿថា គឺជាដាននៃយុគសម័យដំបូងក្នុងប្រវត្តិនៃប្រព័ន្ធព្រះអាទិត្យ ហើយវាកកើតតាំងពីយូរយារមកហើយ នៅខាងក្រៅគន្លងគោចរនៃភពព្រហស្បតិ៍។
កូនភពលោហធាតុដែលមានឈ្មោះថា Psyche នឹងក្លាយជាគោលដៅរបស់យានអវកាសមានឈ្មោះដូចគ្នា ដែលនឹងត្រូវបានបាញ់បង្ហោះនៅឆ្នាំ ២០២៣។ កូនភពដែលមានអង្កត់ផ្ចិតប្រហែល ២០៩គីឡូម៉ែត្រនេះ ស្ថិតនៅឆ្ងាយជាងបីដង បើធៀបនឹងចម្ងាយពីព្រះអាទិត្យមកកាន់ផែនដី។
ក្រុមអ្នកវិទ្យាសាស្ដ្រយល់ថា Psyche អាចកកើតឡើងក្រោមរូបភាពជាភពមួយដែលមានទំហំស្មើនឹងភពព្រះអង្គារ ប៉ុន្តែវាបានបាត់បង់ស្រទាប់ខាងក្រៅនៅពេលវាប៉ះទង្គិចជាមួយកូនភព ឬអាចម៍ផ្កាយផ្សេងៗ កាលពីរាប់ពាន់លានឆ្នាំមុន។
កម្មវិធី Discovery នេះ បានចាប់ផ្ដើមកាលពីឆ្នាំ ១៩៩២ ជាមួយនឹងទឹកប្រាក់ ៤៥០លានដុល្លារអាមេរិក។ កម្មវិធីនេះ ផ្ដោតទៅលើការបកស្រាយសំនួរអំពីប្រព័ន្ធព្រះអាទិត្យ តាមរយៈបេសកកម្មដែលមានការចំណាយទាប៕
ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail