ក្រុមអ្នកវិទ្យាសាស្ដ្រនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវវិទ្យាសាស្ដ្របារាំង (CNRS) កាលពីថ្ងៃទី ៦តុលា បានអះអាងថា ភព Proxima b ស្រដៀងនឹងផែនដី ដែលត្រូវបានរកឃើញកាលពីខែសីហាកន្លងទៅ អាចនឹងមានមហាសមុទ្រ។

/

បន្ទាប់ពីបានគន់គូរនូវទំហំ និងបណ្ដាលក្ខណៈពិសេសរបស់ផ្ទៃខាងលើនៃភព Proxima b ក្រុមអ្នកវិទ្យាសាស្ដ្រនៅ CNRS បានសន្និដ្ឋានថា នេះអាចជាភពដែលមានសមុទ្រ ដូចទៅនឹងផែនដី ហើយវានឹងជាភពក្រៅប្រព័ន្ធព្រះអាទិត្យដំបូងគេដែលនឹងត្រូវអង្កេតដោយបណ្ដារ៉ូបូតក្នុងអនាគត។

Proxima b វិលជុំវិញគន្លងគោចរក្នុងតំបន់ដែលមានសីតុណ្ហភាពល្អបង្គួរ ពីផ្កាយមេ Proxima Centauri ដែលជាផ្កាយមួយមានទីតាំងនៅក្បែរព្រះអាទិត្យបំផុត និងមានចម្ងាយពីផែនដីប្រមាណជា ៤ឆ្នាំពន្លឺ។ ភពនេះមានទំហំស្នើនឹង ១,៣នៃផែនដី និងមានចម្ងាយពីផ្កាយមេរបស់វាប្រហែល ៧,៥លានគីឡូម៉ែត្រ។

ប៉ុន្តែ យោងតាម CNRS ចម្ងាយជិតបែបនេះ មិនមែនមានន័យថា ផ្ទៃខាងលើរបស់ Proxima b ក្ដៅហួសដើម្បីឱ្យទឹកមានសភាពរាវ។ ក្រុមអ្នកវិទ្យាសាស្ដ្របកស្រាយថា ផ្កាយមេ Proxima Centauri តូចជាង និងខ្សោយជាង ១.០០០ដង បើធៀបនឹងព្រះអាទិត្យ ពោលគឺ Proxima b ស្ថិតនៅក្នុងចម្ងាយដែលអាចមានជាតិទឹកនៅលើផ្ទៃខាងលើ និងអាចមានសត្វមានជីវិត។

យោងតាម CNRS បើទោះភពនេះ មានទំហំបែបណាក៏ដោយ ប៉ុន្តែ វាត្រូវបានគ្របដណ្ដប់ដោយបរិយាកាសមួយដែលប្រហាក់ប្រហែលនឹងផែនដី។

ប្រែសម្រួល ៖ តារាប្រភព ៖ RT