វិស្វករជនជាតិជប៉ុនម្នាក់ បង្កើតបាន ទួរប៊ីន (turbine) ប្រើខ្យល់ព្យុះដំបូងគេក្នុងពិភពលោក ដែលអាចផ្គត់ផ្គង់ថាមពលអគ្គីសនីទូទាំងប្រទេសប្រើប្រាស់ក្នុងរយៈពេល ៥ទសវត្សរ៍។

វិស្វករ Atsushi Shimizu បង្ហាញ turbine ប្រើខ្យល់ព្យុះដំបូងគេក្នុងពិភពលោក
ព្យុះតែងតែមានខ្យល់ខ្លាំងបង្កគ្រោះថ្នាក់ដល់មនុស្ស ប៉ុន្តែ ថ្មីៗនេះ វិស្វករជនជាតិជប៉ុនម្នាក់ បានសិក្សាស្រាវជ្រាវបង្កើតឡើងនូវ ទួរប៊ីន ប្រើខ្យល់មួយប្រភេទដែលជួយកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់របស់ព្យុះ និងប្រែក្លាយខ្យល់ព្យុះទៅជាថាមពលអគ្គីសនី។ បើសិនការសិក្សាស្រាវជ្រាវនេះជោគជ័យ នោះមានន័យថា ព្យុះនិមួយៗនឹងនាំមកនូវថាមពលអគ្គីសនីសម្រាប់ទូទាំងប្រទេសប្រើប្រាស់ក្នុងរយៈពេល ៥០ឆ្នាំ។
វិស្វករដែលរកឃើញ ទួរប៊ីន ប្រើខ្យល់ព្យុះដំបូងគេក្នុងលោកនេះ មានឈ្មោះថា Atsushi Shimizu មកពីមន្ទីរស្រាវជ្រាវបរិស្ថានជាតិជប៉ុន។
ថ្លែងនៅលើ CNN វិស្វកររូបនេះឱ្យដឹងថា ខ្លួនបានដឹងថា ប្រទេសជប៉ុនកំពុងតែប្រឈមមុខនឹងកង្វះខាតថាមពលអគ្គីសនីយ៉ាងធ្ងន់ធ្ងរ ដោយសារតែទទួលឥទ្ធិពលពីគ្រោះថ្នាក់ Fukushima កាលពីឆ្នាំ ២០១១។
លោក Atsushi Shimizu ឱ្យដឹងថា ភាគច្រើន ទួរប៊ីន ខ្យល់ធម្មតា ងាយនឹងត្រូវបំផ្លាញដោយកម្លាំងខ្យល់ព្យុះ ប៉ុន្តែ រចនារូបរាង ទួរប៊ីន ដែលមានឈ្មោះថា Challenergy របស់ខ្លួន មានភាពមាំមួន និងអាចទទួលខ្យល់បានពីគ្រប់ទិស។

ទួរប៊ីន (turbine) ប្រើខ្យល់ព្យុះមួយដែលកំពុងប្រើប្រាស់សាកល្បង
Atsushi Shimizu ថ្លែងថា ៖ “ប្រទេសជប៉ុន មានថាមពលខ្យល់ច្រើនជាងថាមពលព្រះអាទិត្យ ប៉ុន្តែ វាមិនទាន់ត្រូវបានប្រើប្រាស់ដើម្បីបង្កើតជាថាមពល”។
Shimizu បានគិតត្រូវ! គិតដោយឡែកក្នុងឆ្នាំនេះ ប្រទេសជប៉ុនបានឆ្លងកាត់ព្យុះចំនួន ៦។ គាត់ជឿថា នេះគឺជាឱកាសដើម្បីឱ្យប្រទេសជប៉ុនប្រើប្រាស់ថាមពលដ៏ខ្លាំងរបស់ខ្យល់ព្យុះទាំងនេះ៕
ប្រែសម្រួល ៖ បុត្រាប្រភព ៖ CNN