ការដាក់ទូរស័ព្ទនៅក្បែរកញ្ចក់ខាងមុខរបស់រថយន្ដ ឬការបើកកម្មវិធីច្រើនក្នុងពេលតែមួយ គឺជាបញ្ហាដែលធ្វើឱ្យទូរស័ព្ទឆាប់ក្ដៅ ដូច្នេះ គួរតែជៀសវាងប្រការទាំងនេះ។
បច្ចុប្បន្ន ស្មាតហ្វូនស្ទើរតែទាំងអស់ សុទ្ធតែមានកម្មវិធីព្រមាននៅពេលទូរស័ព្ទឡើងកំដៅ និងបិទដោយស្វ័យប្រវត្ត ពេលទូរស័ព្ទក្ដៅ ក៏ប៉ុន្តែ ចូរកុំទុករហូតដល់មានការព្រមានឱ្យសោះ ព្រោះថា វានឹងប៉ះពាល់ដល់អាយុកាលរបស់ទូរស័ព្ទ។ ដើម្បីដោះស្រាយបញ្ហាខាងលើ សូមអានបន្តនូវវិធីការពារទូរស័ព្ទមិនឱ្យក្ដៅ ដូចខាងក្រោម ៖

១. កុំដាក់ទូរស័ព្ទនៅក្បែរបស់ដែលក្ដៅ ៖ មនុស្សជាច្រើន មានទម្លាប់ដាក់ទូរស័ព្ទនៅខាងមុខ ក្បែរចង្កូតរថយន្ត ឬក្បែរបង្អួច។ ប្រការនេះមិនល្អនោះទេ ព្រោះថា កន្លែងទាំងនេះ សុទ្ធតែទទួលកំដៅពីព្រះអាទិត្យ។
២. មិនបើកកម្មវិធីច្រើន ក្នុងពេលតែមួយ ៖ អ្នកប្រហែលជាធ្លាប់បើកលេង Facebook ហើយចុះប៊ូតុង Home ដើម្បីត្រឡប់មកលេងហ្គេម រួចបើក Messenger ដើម្បីជជែកគ្នាជាមួយមិត្តភ័ក្ដិ។ល។ អ្នកគួរតែបោះបង់ទម្លាប់នេះ ដោយសារថា ម៉ាស៊ីនត្រូវធ្វើការច្រើនក្នុងពេលតែមួយ បណ្ដាលឱ្យឆាប់ឡើងកំដៅ។
៣. ចូរបិទកម្មវិធី App, Bluetooth, Wi-Fi, 3G បន្ទាប់ពីឈប់ប្រើ ៖ ទាំងនេះគឺជាមុខងារដែលប្រើប្រាស់ថាមពលថ្មច្រើន ដូច្នេះត្រូវតែបិទវាចោល ក្រោយពេលប្រើ ដើម្បីឱ្យម៉ាស៊ីនបានសម្រាកខ្លះ។
៤. កុំដាក់ឧបករណ៍បច្ចេកវិទ្យាច្រើនប្រភេទ ក្នុងកន្លែងតែមួយ ៖ ការដាក់បែបនេះ ធ្វើឱ្យមានការឆ្លងកំដៅពីម៉ាស៊ីនមួយទៅម៉ាស៊ីនមួយ ហើយចុងក្រោយ ពួកវានឹងឡើងកំដៅ។
៥. មិនដាក់ទូរស័ព្ទនៅកន្លែងហប់ខ្យល់ ៖ ទូរស័ព្ទដំណើរការ គឺតែឡើងកំដៅ ដូច្នេះ ការដាក់វានៅលើខ្នើយ ឬពូក វារឹតតែធ្វើឱ្យទូរស័ព្ទហប់ ព្រោះថា ខ្នើយ ឬពូក គឺជារបស់ដែលអាចរក្សាកំដៅបានល្អ។
៦. កុំលេងទូរស័ព្ទក្នុងពេលបញ្ចូលថាមពលថ្ម ៖ មកដល់ពេលនេះ មានករណីផ្ទុះថ្មទូរស័ព្ទជាច្រើន ដែលកើតឡើងដោយសារការប្រើទូរស័ព្ទក្នុងពេលបញ្ចូលថាមពលថ្ម។ មូលហេតុគឺមកពីការបញ្ចូល និងបញ្ចេញថាមពលភ្លាមៗ ធ្វើឱ្យថ្មឡើងកំដៅលឿន។
៧. កុំដាក់ទូរស័ព្ទត្រង់កន្លែងត្រជាក់ខ្លាំង បន្ទាប់ពីវាក្ដៅ ៖ មនុស្សមួយចំនួន មានទម្លាប់ដាក់ទូរស័ព្ទត្រង់កកន្លែងត្រជាក់ខ្លាំង ដូចជាដាក់ពីមុខម៉ាស៊ីនត្រជាក់ ឬទូរទឹកកក។ល។ បន្ទាប់ពីទូរស័ព្ទបានឡើងកំដៅ។ ប្រការនេះនឹងធ្វើឱ្យម៉ាស៊ីនមិនអាចសម្របខ្លួនទាន់ពេលទៅតាមសីតុណ្ហភាព បណ្ដាលឱ្យមានបញ្ហាគ្រឿងម៉ាស៊ីន៕
ប្រែសម្រួល ៖ បុត្រា