នគរបាលកំពុងតែជម្លៀសអ្នកដំណើរ និងស្វែងរកជនសង្ស័យប្រដាប់អាវុធ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា មានស្នូរកាំភ្លើងផ្ទុះ នៅព្រលានយន្តហោះអន្តរជាតិ John F. Kennedy នៅក្រុងញូវយ៉ក អាមេរិក។

/

នគរបាលក្រុងញូវយ៉ក ឱ្យដឹងថា ការរាយការណ៍តាមទូរស័ព្ទស្ដីអំពីការផ្ទុះកាំភ្លើងនៅព្រលានយន្តហោះអន្តរជាតិ John F. Kennedy បានចាប់ផ្ដើមនៅវេលាម៉ោងប្រហែល ២០និង៣៤នាទី នៃយប់ថ្ងៃទី ១៤សីហា (ម៉ោង ៧និង៣៤នាទី ថ្ងៃទី ១៥សីហា នៅកម្ពុជា)។

យោងតាមទូរទស្សន៍ WPIX សកម្មភាពជម្លៀសអ្នកដំណើរ ត្រូវបានធ្វើឡើងនៅស្ថានីយ៍លេខ៨ នៅពេលនគរបាលកំពុងស្វែងរកជនសង្ស័យ។ រូបភាពដែលបានបង្ហោះនៅលើបណ្ដាញសង្គម បានបង្ហាញថា អ្នកដំណើររាប់រយនាក់ កំពុងតែចាកចេញពីស្ថានីយលេខ ៨។ អ្នកដែលត្រូវបានជម្លៀសចេញពីអាគារ បានឱ្យដឹងថា នគរបាលប្រាប់ពួកគេថា នៅខាងក្នុង “មិនមានសុវត្ថិភាព”។

/

នគរបាលកំពុងស្វែងរកជនសង្ស័យ នៅ​ស្ថានីយ៍​លេខ​៨ 

អ្នកដំណើរនៅលើយន្តហោះ ដែលបានចុះចតលើព្រលានយន្តហោះ ត្រូវរង់ចាំនៅផ្លូវហោះហើរក្នុងព្រលាន ដោយសារ “ស្ថានភាពអាសន្ន”។

បច្ចុប្បន្ន មិនទាន់មានសេចក្ដីរាយការណ៍អំពីអ្នករងរបួស អ្នកស្លាប់ អ្នកត្រូវចាប់ខ្លួន ឬការទទួលស្គាល់អំពីការផ្ទុះអាវុធនេះនៅឡើយ នេះបើតាមសំដីរបស់ Joe Pentangelo អ្នកនាំពាក្យនគរបាលនៃអង្គភាពគ្រប់គ្រងកំពង់ផែញូវយ៉ក និងញូវឈើស៊ី។ ប៉ុន្តែ លោក Joe Pentangelo ថ្លែងថា ការជម្លៀសអ្នកដំណើរ គឺជាការយកចិត្តទុកដាក់របស់សមត្ថកិច្ច។

/

អង្គភាពគ្រប់គ្រងកំពង់ផែញូវយ៉ក និងញូវឈើស៊ី ក្រោយមកបានឱ្យដឹងថា យោងតាមការស្រាវជ្រាវដំបូង ពុំមានការផ្ទុះអាវុធណាមួយ នៅព្រលានយន្តហោះ John F. Kennedy។ នៅលើទំព័រ Twitter របស់អង្គភាពនេះ បានចុះផ្សាយថា “នៅពេលនេះ នគរបាល មិនបានរកឃើញសម្បកគ្រាប់កាំភ្លើង ឬភ័ស្ដុតាងណាមួយបង្ហាញថា មានការផ្ទុះអាវុធនោះទេ”។

ប្រែសម្រួល ៖ បុត្រា