រថភ្លើងដឹកអ្នកដំណើរពីរខ្សែបានបុកគ្នា នៅតំបន់ Puglia, ភាគខាងត្បូងប្រទេសអ៊ីតាលី បណ្ដាលឱ្យមានមនុស្សស្លាប់យ៉ាងតិច ២២នាក់។
គេហទំព័រ Reuters បានចុះផ្សាយថា ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ១១កន្លះ នៅឯផ្លូវដែកចន្លោះក្រុង Corato និង Andria ក្នុងតំបន់ Puglia ភាគខាងត្បូងប្រទេសអ៊ីតាលី។ ផ្លូវដែកនេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Ferrotramviaria ។

Giuseppe Corrado ដែលជាមន្ត្រីមានសមត្ថកិច្ចម្នាក់ ឱ្យដឹងថា “ចំនួនមនុស្សស្លាប់ បានកើនឡើងដល់ ២២នាក់”។ មន្ត្រីរូបនេះ បន្តថា អ្នករងរបួសក្នុងករណីនេះ មានចំនួនជាង ៣០នាក់។ Giuseppe Corrado ក៏បានអំពាវនាវ សូមឱ្យប្រជាជនក្នុងតំបន់ ទៅបរិចាគឈាម ដើម្បីសង្គ្រោះជីវិតជនរងគ្រោះផងដែរ។
Luca Cari អ្នកនាំពាក្យរបស់កងកម្លាំងពន្លឺអគ្គិភ័យ ឱ្យដឹងថា ការចូលទៅជួយជនរងគ្រោះ ជួបការលំបាក ដោយសារតែរថភ្លើងបុកគ្នា នៅតំបន់ជនបទ។

បច្ចុប្បន្ន គេមិនទាន់ដឹងថា រថភ្លើងបុកគ្នានេះ បណ្ដាលមកពីមូលហេតុអ្វីនៅឡើយ។ ក្រសួងដឹកជញ្ជូនអ៊ីតាលី បានប្រកាសថា បានបញ្ជូនអ្នកស៊ើបអង្កេតពីរនាក់ ទៅកាន់កន្លែងកើតហេតុ។
នាយករដ្ឋមន្ត្រីអ៊ីតាលី Matteo Renzi បានថ្លែងទៅកាន់អ្នកកាសែតថា “យើងនៅតែរង់ចាំ រហូតដល់មានចម្លើយពិតប្រាកដអំពីគ្រោះថ្នាក់ដែលបានកើតឡើង”។ នាយករដ្ឋមន្ត្រីអ៊ីតាលី បានត្រឡប់ពីទស្សនកិច្ចតំបន់ Milan ដើម្បីធ្វើដំណើរទៅកាន់ក្រុង Rome បន្ទាប់មកនឹងទៅកាន់ Puglia នៅថ្ងៃនេះ ដើម្បីពិនិត្យហេតុការណ៍។
គួរំលឹកថា កាលពីឆ្នាំ ២០០៩ ក៏មានគ្រោះថ្នាក់រថភ្លើងមួយករណីផងដែរ ដែលពេលនោះ រថភ្លើងដឹកទំនិញមួយខ្សែ បានរត់ខុសផ្លូវដែក នៅតំបន់ភាគកណ្ដាលអ៊ីតាលី បណ្ដាលឱ្យមនុស្ស ៣០នាក់ដែលរស់នៅក្បែរផ្លូវដែក បាត់បង់ជីវិត។
ប្រែសម្រួល ៖ បុត្រា