ភ្នំពេញៈ ការប្រកួត និយាយភាសាអង់គ្លេស ជាលក្ខណៈទូទៅ វគ្គដំបូង ដែលធ្វើនៅ សាកលវិទ្យាល័យ ន័រតុន កាលពីថ្ងៃទី៨ ខែធ្នូ កន្លងទៅនេះ បានបញ្ចប់ហើយ ដោយមាន និស្សិត៦នាក់ ឈ្នះ នៅក្នុងការ ប្រកួតនេះ ហើយក្នុងចំណោមពួកគេ មាន៣នាក់ មកពីវិទ្យាស្ថាន ភាសាបរទេស (IFL) ។
កម្មវិធីនេះរៀបចំដោយ ក្រុមហ៊ុន ស្រ្ព៊ីបត ហ្វ៉ខេមបូឌា (Spring Board 4Cambodia ) សហការជាមួយ ស្ថានទូត អង់គ្លេស ប្រចាំនៅកម្ពុជា និងមហាវិទ្យាល័យ មួយចំនួនទៀត នៅប្រទេសអង់គ្លេស ដើម្បីលើក កម្ពស់សមត្ថភាព ក្នុងការនិយាយ ភាសាអង់គ្លេស របស់យុវជន នៅកម្ពុជា ឱ្យកាន់តែទូលំទូលាយឡើង ។
កញ្ញា អ៊ុក លីនដា តំណាងក្រុមហ៊ុន ស្រ្ពីងបតហ្វ៉ខេមបូឌា បានឱ្យដឹងថា ការប្រកួតនិយាយ ភាសាអង់គ្លេស ជាលក្ខណៈទូទៅ នៅវគ្គដំបូងនេះ មានបេក្ខជន ចូលរួមចំនួន១៥នាក់ ក្នុងនោះត្រូវប្រកួត ជម្រុះ រក៦នាក់ ទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលចាប់ផ្តើមនៅ សប្តាហ៍ ក្រោយនេះ ។ កញ្ញាឱ្យដឹងទៀតថា និស្សិតដែលឈ្នះ លើកនេះមាន ជា សុខហុង (IFL), សិទ្ធ សួនវិសាល (PUC), ឌួង ដាដាលី (University of Health Sciences) , ឌួង ដារីតា (UP) , អួង ទីគិត្យា (IFL) និង ហ៊ុន ម៉េងហៀង (IFL) ។
គួរបញ្ជាក់ថា ការប្រកួត ជ្រើសរើសជើងឯក និយាយភាសាអង់គ្លេសថា្នក់ជាតិ សម្រាប់ឆ្នាំ២០១៣ មាន៥កម្រិត ផ្សេងៗពីគ្នា គឺការប្រកួតសម្រាប់ សិស្សវិទ្យាល័យ (អាយុ១២-១៧ឆ្នាំ) , សាកលវិទ្យាល័យ (ឆ្នាំទី១-ឆ្នាំទី៤) , ការប្រកួតលក្ខណៈទូទៅ (សម្រាប់សាធារណជន) និង ការប្រកួតសម្រាប់ សិស្ស នៅតាមអង្កការ ដែលអ្នកទទួលបានជ័យលាភី ពីការប្រកួត ទាំង៤នេះ នឹងបានទៅកម្សាន្ត នៅប្រទេស អង់គ្លេស ។ ដោយឡែក មួយប្រភេទទៀត គឺជា ការប្រកួតនិយាយភាសារអង់គ្លេស ជាលក្ខណៈអន្តរជាតិ ដែលមានសិស្ស-និស្សិតចម្រុះ មកពីបណ្តាសាលានានា នៅប្រទេស ផ្សេងៗ ។ វគ្គផ្តាច់ព្រ័ត្រ ក្នុងការប្រកួត ទាំង៥កម្រិតនេះ នឹងធ្វើ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១២ខាងមុខ ហើយសិស្ស-និស្សិត ដែលទទួល បានជ័យលាភី ពីកម្មវិធីនេះ នឹងបានទៅកម្សាន្ត នៅប្រទេសអង់គ្លេស ក្នុងខែកក្កដា ឆ្នាំ២០១៣ ៕

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល