នៅព្រះរាជពិធីច្រត់ព្រះនង្គ័ល នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១២នេះ គោឧសបរាជមួយនឹម បានបរិភោគពោតច្រើនជាងគេ បន្ទាប់មកមានការបិរភោគសណ្តែក និងស្មៅ ក្នុងចំណោមអាហារ ៧ មុខ ដែលបានន័យថា ពោតឆ្នាំនេះនឹងទទួលបានផលល្អប្រសើរ។
គោឧសបរាជនៅឆ្នាំនេះ មានពណ៌សម្បុរខ្មៅ បានបរិភោគពោត សណ្តែក និងស្មៅ ក្នុងចំណោមអាហារ ៧ មុខ រួមមាន៖ ស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹក និងស្រា។ តាមលោកតាអាចារ្យ ប្រចាំព្រះបរមរាជបានទស្សន៍ទាយថា ១-ពោត ក្នុងឆ្នាំនេះ ទទួលបានផលបានល្អប្រសើរ។ ២-សណ្តែកទទួលផលបានល្អ។ ៣-ស្មៅ ជាចំណីអាហាររបស់សត្វពាហនៈទូទៅ ប៉ុន្តែក្នុងឱកាសនេះ ដែលគោឧសភរាជ បានបរិភោគស្មៅ បានសេចក្តីថា ឆ្នាំនេះកម្លាំងអូសទាញទាំងអស់ មានគោក្របី និងសេះ ត្រូវជួបប្រទះនឹងជំងឺតម្កាត់បៀតបៀនបន្តិចបន្តួច។

នៅថ្ងៃ៤រោច ខែពិសាខ រៀងរាល់ឆ្នាំ តែងតែប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល ដើម្បីជាពិធីមង្គលមួយ ដែលព្រះករុណា ព្រះមហាក្សត្រ ចាត់ទុកថា ជាការប្រកាសថា រដូវវប្បមង្គលបានចូលមកដល់ហើយ ចាប់ផ្តើមប្រកក់ប្រសិទ្ធីដល់ប្រជាកសិករ ក្នុងការធ្វើស្រែចម្ការ នៅរដូវវស្សាឲ្យទទួលបានទិន្នផលខ្ពស់។



នៅទីលានព្រះស្រែ វាលព្រះមេរុ កន្លែងប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល ក៏មានតាំងបង្ហាញនូវ ផលិតផលកសិកម្ម និងកសិឧស្សាហកម្ម ព្រមទាំងអនុផលព្រៃឈើ មកពីតាមបណ្តាខេត្ត រាជធានី ដោយមាន ៤៥ ស្តង់ផងដែរ៕



រាយការណ៍ដោយ៖ មិនា