ខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារ នៅឯការិយាល័យកាសែតក្នុងស្រុកមួយ នារដ្ឋ Maryland ដោយបានសម្លាប់បុគ្គលិកកាសែត ៥ នាក់ និងធ្វើឱ្យបុគ្គលិកជាច្រើននាក់ផ្សេងទៀតរងរបួស នៅក្នុងអ្វីដែលប៉ូលិសនិយាយថា ជាការវាយប្រហារប៉ុនប៉ងទុកជាមុន។

បុគ្គលិកនៅការិយាល័យកាសែត Capital Gazette នៅតំបន់ Annapolis បាននិយាយថា អ្នកវាយប្រហារដែលប្រដាប់ដោយកាំភ្លើងគ្រាប់ប្រាយ​ និងគ្រាប់បែកផ្សែង បានបាញ់រះកាត់កញ្ចក់ ចូលទៅក្នុងបន្ទប់ព័ត៌មាន។

ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក បានហៅឈ្មោះជនសង្ស័យម្នាក់ ដែលត្រូវបានចាប់ខ្លួនដោយប៉ូលីសថា Jarrod Ramos ដែលត្រូវបានគេរាយការណ៍ថា បានប្តឹងចាញ់ក្រុមកាសែតនេះ ក្នុងឆ្នាំ  ២០១២ ពីបទបរិហារកេរ្តិ៍។

/

ពួកគេបាននិយាយថា ជនសង្ស័យម្នាក់ អាយុប្រហែល ៣០ ឆ្នាំ ត្រូវបានប៉ូលីសចាប់ខ្លួន យកទៅឃុំ នៅកន្លែងកើតហេតុ និងកំពុងត្រូវបានសួរចម្លើយ។ ក្រុមអ្នកស៊ើបអង្កេត បាននិយាយសំដៅទៅលើការគំរាមកំហែង បែបហឹង្សា ដែលត្រូវបានធ្វើឡើងប្រឆាំងនឹងកាសែត Capital Gazette តាមប្រព័ន្ធផ្សព្វផ្សាយសង្គម។

លោក William Krampf ស្នងការនគរបាលរង នៃស្នងការនគរបាល Anne Arundel County បាននិយាយថា៖ នេះគឺជាការវាយប្រហារប៉ុនប៉ងទុកជាមុនមកលើកាសែត Capital Gazette ។ លោកបានបន្ថែមថា ខ្មាន់កាំភ្លើងបានចូលក្នុងអាគារ ប្រដាប់ដោយកាំភ្លើងមួយដើម ហើយបានស្វែងរកជនរងគ្រោះ ខណៈដែលគាត់ ដើរនៅជាន់ក្រោម ។

អភិបាលខោនធី លោក Steve Schuh បានប្រាប់ CNN ថា ជនសង្ស័យ បានលាក់ខ្លួន នៅក្រោមតុមួយ ក្នុងអគារ នៅពេលមន្រ្តីប៉ូលីសបានមកដល់ ក្នុងរយៈពេល ៦០ វិនាទី នៃការទទួលបានព័ត៌មាននៃឧប្បត្តិហេតុនេះ។

Capital Gazette បានបោះពុម្ភផ្សាយកាសែតក្នុងស្រុកមួយចំនួនរួមទាំងកាសែតប្រចាំថ្ងៃ ដែលមានឈ្មោះថា The Capital ដែលមានប្រវត្តិបោះពុម្ភផ្សាយតាំងពីឆ្នាំ ១៨៨៤ ។ Capital Gazette ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Baltimore Sun Media Group ។

ក្រុមប៉ូលីស Baltimore Sun បានរាយការណ៍ថា ប៉ូលិស បានប្រមូលផ្តុំគ្នានៅខាងក្រៅផ្ទះរបស់ជនសង្ស័យ Ramos កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការវាយប្រហារនេះ។ សេចក្តីថ្លែងការណ៍មួយ បាននិយាយថា ជនសង្ស័យដែលរងការចោទប្រកាន់នេះមាន ជម្លោះដ៏យូរអង្វែងមកហើយជាមួយការសែត The Capital លើរបាយការណ៍ឆ្នាំ ២០១១ អំពីបទល្មើសគំរាមកំហែងមួយប្រឆាំងនឹងជនសង្ស័យ។

ជនរងគ្រោះ ត្រូវបានកំណត់អត្តសញ្ញាណដោយប៉ូលីសដូចខាងក្រោម៖ • Wendi Winters អាយុ ៦៥ ឆ្នាំ ជាអ្នកយកព័ត៌មាន • Rebecca Smith អាយុ ៣៤ ឆ្នាំ ជាជំនួយការផ្នែកលក់ • Robert Hiaasen អាយុ ៥៩ ឆ្នាំ ជានិពន្ធនាយក •លោក Gerald Fischman អាយុ ៦១ ឆ្នាំ ជាអ្នកនិពន្ធបទវិចារណកថា • John McNamara អាយុ ៥៦ ឆ្នាំ ជាអ្នកយកព័ត៌មាន និងជាអ្នកកែសម្រួល

ថ្លែងទៅកាន់អ្នកយកព័ត៌មាន លោក Krampf បាននិយាយថា វត្ថុមួយដែលយើងជឿថា ជាគ្រឿងផ្ទុះ ត្រូវបានគេរកឃើញនៅក្នុងបរិវេណអាគារ និងត្រូវបានបំផ្លាញចោល។ លោកបាននិយាយថា វត្ថុនោះត្រូវបានគេកំណត់បានថា ជាគ្រាប់បែកផ្សែង។

លោកបានបន្ថែមថា មនុស្សជាង ១៧០ នាក់ត្រូវបានគេនាំខ្លួនចេញពីអាគារ ដោយសុវត្ថិភាព ជាកន្លែង ដែលមានអាជីវកម្មផ្សេងទៀត ដំណើរការរួមជាមួយ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ ប៊ីប៊ីសុី