(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមបាន ប្រកាសព័ត៌មាននៅព្រឹកថ្ងៃអង្គារ នេះថា ករណីឆ្លងនៃវីរុស Zika ដំបូងក្នុងប្រទេសអាស៊ានមួយនេះ បានកើតមានទៅលើស្ត្រីពីររូប គឺម្នាក់មាន វ័យ ៦៤ឆ្នាំរស់នៅទីក្រុង Nha Trang នៃខេត្ត Khanh Hoa និងម្នាក់ទៀតវ័យ ៣៣ឆ្នាំរស់នៅទីក្រុង ហូជិមិញ នៃភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០១៦។

/

ស្ត្រីវ័យចំណាស់ទី១ បានចេញសញ្ញាមិនស្រួលខ្លួន ចាប់តាំងពីថ្ងៃទី២៦ ខែមីនា​មកម្ល៉េះ ដូចជា ក្តៅខ្លួន, ឈឺក្បាល, ស្ពឹកជើងទាំងពីរ, និង ភ្នែកឡើងពណ៌ផ្កាឈូក។ ក្រោយពីទៅដល់មន្ទីរពេទ្យ កាលពីថ្ងៃទី៣១ ខែមីនា ទើបស្ត្រីម្នាក់នោះដឹងថា មានផ្ទុកវីរុស ហ្ស៊ីកា ហើយរហូតមកដល់ពេលនេះ គ្រូពេទ្យនានាកំពុងតាមដាន ជំងឺយ៉ាងដិតដល់។

/

ដោយឡែកស្ត្រីវ័យ ៣៣ឆ្នាំវិញ បានកើតមានអការៈដូចស្ត្រីខាងលើនេះដែរ កាលពីថ្ងៃទី២៩ ខែមីនា។ យ៉ាងណាក៏ដោយ ខាងមន្ទីរពេទ្យវៀតណាម មិនទាន់អាចបញ្ជាក់ថា ស្ត្រីទាំងពីររូបនេះឆ្លងវីរុស Zika តាមរបៀបណា ឬធ្លាប់មានប្រវត្តិធ្វើដំណើរទៅកាន់តំបន់ ដែលកើតមានវីរុសនេះដែរ ឬក៏យ៉ាងណានោះទេ។

គួរបញ្ជាក់ថា វៀតណាមជាប្រទេសដំបូងហើយ នៅអាស៊ីអាគ្នេយ៍ដែលបាន កើតមានករណីឆ្លង នៃវីរុស Zika នេះ៕

ប្រភព ៖ ស៊ិនហួរ

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី