(អាមេរិក)៖ បេក្ខជនប្រធានាធិបតអាមេរិក ដែលកំពុងនាំមុខគេ ក្នុងគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំភ៍ (Donald Trump) បានហៅប្រទេសចិនថា ជាចោរកំពុងប្លន់សហរដ្ឋអាមេរិក ដោយក្នុងនោះលោក ក៏បានរិះគន់ចំៗ មកលើនយោបាយពាណិជ្ជកម្ម របស់ចិនផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅព្រលប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦។

នៅក្នុងការថ្លែងទាក់ទាញ អ្នកគាំទ្រក្នុងរដ្ឋ Indiana លោក ត្រាំភ៍ បានវាយប្រហារ ទៅលើប្រទេសចិនទៀតថា មហាយក្សអាស៊ីមួយនេះ ត្រូវតែទទួលខុសត្រូវ ព្រោះខ្លួនបានក្លាយជា «មហាចោរ ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ របស់សកលលោក» ទៅហើយ។ «យើងមិនអនុញ្ញាតឲ្យចិន ឆក់ប្លន់ប្រទេសយើងទៀតទេ ហើយនេះគឺជាអ្វីដែលយើង កំពុងតែធ្វើ»។

គួរបញ្ជាក់ថាលោក ត្រាំភ៍ ដែលជាមហាសេដ្ឋី និងពាណិជ្ជករដ៏ធំមួយ នៃទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កន្លងមកតែងតែធ្វើការរិះគន់ ចំពោះនយោបាយក្រឡុករូបិយប័ណ្ណ របស់ចិន ដើម្បីធ្វើឲ្យការនាំចេញរបស់ប្រទេសនេះ កាន់តែមានប្រៀបជាងគេ នៅលើសកលលោក។ ហេតុដូច្នេះបេក្ខជនប្រធានាធិបតីខាងលើ បានសន្មត់ថា វាជាការបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ ពាណិជ្ជកម្ម និង អ្នកបម្រើការងារនានា នៅសហរដ្ឋអាមេរិក៕

/

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី