ក្រុមអ្នកវិទ្យាសាស្ដ្រអង់គ្លេស បានរកឃើញភពឧស្ម័នមួយនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ។ ភពនេះ ត្រូវបានព័ទ្ធជុំវិញទៅដោយពពកដែលសម្បូរដោយរ៉ែ ruby និង sapphire ដ៏មានតម្លៃ។
HAT-P-7b ជាភពមួយដែលមានចម្ងាយពីផែនដី ១.០៤៨ឆ្នាំពន្លឺ ត្រូវបានព័ទ្ធជុំវិញដោយពពក ដែលសម្បូរដោយរ៉ែដ៏មានតម្លៃដែលអាចយកមកច្នៃជាថ្ម ruby និង sapphire នេះបើតាមទ័រ Mirror ដកស្រង់ព័ត៌មានដែលបានចុះផ្សាយកាលពីថ្ងៃទី ១២ធ្នូ នៅលើទស្សនាវដ្ដី Nature Astronomy។

បណ្ដាពពកនៅលើភព HAT-P-7b ត្រូវបានគេជឿថា មានប្រភពពី corundum ដែលជារ៉ែមួយដ៏រឹង បន្ទាប់ពីពេជ្រ។ ថ្ម ruby និង sapphire គឺកើតឡើងដោយ corundum។
ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ដ្រអង់គ្លេសឱ្យដឹងថា គេមិនអាចប្រមូលយករ៉ែនៅលើភព HAT-P-7b បាននោះទេ ព្រោះបរិយាកាសភពនេះ មានកំដៅឡើងដល់ជិត ២.៦០០អង្សា ដោយសារវានៅក្បែរផ្កាយមេរបស់វាខ្លាំងពេក។
ភព HAT-P-7b មានទំហំធំជាង ១៦ដង បើធៀបនឹងផែនដី។ HAT-P-7b ចំណាយពេលពីរថ្ងៃដើម្បីវិលបានមួយជុំម្ដាយមេ។
បណ្ឌិត David Armstrong អ្នកវិទ្យាសាស្ដ្រនៅសកលវិទ្យាល័យ Warwick ប្រទេសអង់គ្លេស ដែលជាប្រធានក្រុមស្រាវជ្រាវ ឱ្យដឹងថា ភព HAT-P-7b នេះ មិនសមស្របសម្រាប់មនុស្សរស់នៅ ព្រោះអាកាសធាតុក្ដៅខ្លាំង។ មួយចំហៀងរបស់ភពនេះ តែងតែបែរទៅរកផ្កាយមេ ដូច្នេះវាក្ដៅជាងមួយចំហៀងផ្សេងទៀត។

បណ្ឌិត Armstrong ថ្លែងថា “ភពនេះមានពពកដែលមានផ្ទុកថ្ម ruby និង sapphire ។ ប៉ុន្តែ យើងនឹងមិនអាចទៅកាន់ភពនេះបាន ព្រោះវាក្ដៅខ្លាំង។ ខ្យល់ខ្លាំងនៅលើភពព្រហស្បតិ៍ភពនិបទូន និងភពភ្លុយតុង (Jupiter, Neptune and Pluto ) មិនអាចប្រៀបបានជាមួយនឹងភព HAT-P-7b នេះបានទេ”៕
ប្រែសម្រួល ៖ តារាប្រភព ៖ earthsky