ទន្ទឹមនឹងប្រការដែលត្រូវពិចារណាដូចឆ្នាំមុនៗ ឆ្នាំនេះ អ្នកប្រើប្រាស់មានមូលហេតុផ្សេងមួយចំនួន ដើម្បីរង់ចាំ iPhone 7 ពិសេស Apple អាចនឹងបោះបង់កំណែ 16 GB។
ទំព័រសារព័ត៌មាន Wall Street Journal (WSJ) បានឱ្យដឹងថា មានបីចំនុចដែលអ្នកត្រូវចងចាំ នៅពេលទិញ iPhone ។ ទីមួយ iPhone ថ្មី នឹងតែងតែល្អជាង iPhone បចុច្បន្ន។ ទីពីរ បើទោះជាយ៉ាងណា Apple នៅតែនឹងមានវិធីដើម្បីអូសទាញអ្នកឱ្យទិញ iPhone ថ្មី។ ទីបី iPhone ថ្មី តែងតែបង្ហាញខ្លួនក្នុងខែកញ្ញា ជាមួយតម្លៃមិនប្ដូរផ្លាស់ ខណៈដែល iPhone បច្ចុប្បន្ន នឹងត្រូវបញ្ចុះតម្លៃប្រហែល ១០០ដុល្លារអាមេរិក។

ពេលនេះគឺជាខែកក្កដា បើសិនមិនត្រូវការជាបន្ទាន់នោះទេ អ្នកគួរតែរង់ចាំដល់ខែកញ្ញា ដើម្បីចាំមើលថា តើ iPhone ថ្មី មានចំនុចពិសេសច្រើនដែរ ឬអត់ ជៀសវាងមានការសោកស្ដាយក្រោយពីបានទិញ។ បើសិន iPhone ថ្មី មិនមានអ្វីពិសេស អ្នកក៏នៅតែអាចទិញ iPhone ជំនាន់ចាស់ ដែលមានតម្លៃទាបជាង iPhone ជំនាន់ថ្មី។
បណ្ដាប្រការខាងលើនេះ តែងតែត្រូវបានក្រុមអ្នកជំនាញ លើកឡើងដើម្បីក្រើនរំលឹកដល់អ្នកប្រើប្រាស់ នៅក្នុងអំឡុងពេលក្រោយខែមិថុនា រៀងរាល់ឆ្នាំ។ ប៉ុន្តែ ឆ្នាំនេះ ពួកគេមានមូលហេតុផ្សេងទៀត ដើម្បីរង់ចាំ iPhone ជំនាន់ថ្មី។
iPhone 6s នៅតែត្រូវបានគេវាយតម្លៃខ្ពស់ ប៉ុន្តែ មានចំនុចខ្លាំង មិនទាន់ធ្វើឱ្យគេពេញចិត្តនៅឡើយ ពិសេសគឺថាមពលថ្ម។ ទំព័រ WSJ យល់ថា Samsung Galaxy S7 គឺជាស្មាតហ្វូនដែលមានហាតវ៉ែរល្អបំផុតក្នុងទីផ្សារបច្ចុប្បន្ន ហើយកាមេរ៉ារបស់វា ក៏មានគុណភាពខ្ពស់ និងមានសមត្ថភាពទប់ទល់នឹងជម្រាបទឹក។ល។ ក្រុមហ៊ុន Samsung ក៏ជិតនឹងបង្ហាញខ្លួន Galaxy Note 7 ដែលនឹងមានប្រការថ្មីគួរចាប់អារម្មណ៍។ ដូច្នេះ Apple ប្រាកដជាត្រៀមមុខងារពិសេសមួយចំនួន ដល់ iPhone 7 ដើម្បីទាក់ទាញអ្នកប្រើប្រាស់ ដូចជា រូបរាងស្ដើងជាង និងអាចទប់ទល់ជម្រាបទឹក ធូលី ។ល។
ទន្ទឹមនឹងនេះ Apple ក៏អាចនឹងបោះបង់កំណែ 16 GB។ ប្រភពមួយចំនួន ឱ្យដឹងថា iPhone 7 នឹងបំពាក់អង្គចងចាំតូចបំផុតត្រឹម 32 GB ប៉ុន្តែ នៅតែរក្សាតម្លៃដូចដំបូង គឺ 649 USD នៅពេលចេញលក់ ខណៈដែល iPhone 7 Plus នឹងមានកំណែឡើងដល់ 256 GB។
ជាងនេះ ក៏មានព័ត៌មានមួយឱ្យដឹងថា iPhone 7 Plus ក៏នឹងត្រូវបានបំពាក់កាមេរ៉ាភ្លោះនៅខាងក្រោយ ដែលជួយឱ្យរូបថតបានស្អាតជាងមុន។ បើទោះមិនទាន់ប្រាកដប្រជា ប៉ុន្តែ អ្នកប្រើប្រាស់នៅតែមានសង្ឃឹម ព្រោះថា Apple ធ្លាប់បានចំណាយប្រាក់រាប់រយលានដុល្លារ ដើម្បីទិញយកក្រុមហ៊ុន PrimeSense និង LinX ដែលមានជំនាញខាងបច្ចេកវិទ្យាទាក់ទឹននឹងកាមេរ៉ា។
សំខាន់ជាងនេះ Apple ក៏ប្រាកដជាកែលំអថាមពលថ្មសម្រាប់ iPhone 7 ដោយវានឹងអាចដំណើរការបានយូរជាងពីរម៉ោង បើធៀបនឹង iPhone 6s។
បើសិនបណ្ដាប្រការខាងលើនេះ មិនទាន់គ្រប់គ្រាន់ដើម្បីឱ្យអ្នកអាចសម្រេចចិត្ត នោះអ្នកគួរតែលើកពេលទិញ iPhone ទៅឆ្នាំ ២០១៧ ជាឆ្នាំដែល Apple រំលឹកខួប ១០ឆ្នាំនៃការបង្ហាញខ្លួនរបស់ iPhone ព្រោះថា ក្នុងឆ្នាំ ២០១៧ Apple នឹងបំពាក់បច្ចេកវិទ្យាថ្មីៗ ប្លែកៗ ទៅឱ្យ iPhone ជំនាន់ថ្មីមិនខាន៕
ប្រែសម្រួល ៖ បុត្រា