រដ្ឋាភិបាលអ៊ីរ៉ង់ អាចនឹងពិចារណាក្នុងការហាមមិនឱ្យលក់ iPhone នៅក្នុងប្រទេសនេះ បើសិន Apple មិនសហការណ៍ជាមួយពួកគេ ក្នុងយុទ្ធនាការប្រឆាំងនឹងការរត់ពន្ធទូរស័ព្ទ។

សេចក្ដីរាយការណ៍មួយថ្មីៗនេះ បានឱ្យដឹងថា រដ្ឋាភិបាលអ៊ីរ៉ង់ កំពុងតែពិនិត្យ និងពិចារណាក្នុងការហាមដាក់លក់ iPhone នៅក្នុងប្រទេសនេះ លើកលែងតែ Apple ចុះឈ្មោះចូលរួមក្នុងយុទ្ធនាការ ប្រឆាំងនឹងការរត់ពន្ធស្មាតហ្វូនរបស់រដ្ឋាភិបាល។ ដើម្បីបន្តលក់ iPhone នៅក្នុងទីផ្សារអ៊ីរ៉ង់ ក្រុមហ៊ុន Apple ត្រូវតែចុះឈ្មោះការិយាល័យតំណាងរបស់ខ្លួនជាផ្លូវការនៅក្នុងប្រទេសនេះ។
អាជ្ញាធរបានឱ្យដឹងថា ការរត់ពន្ធទូរស័ព្ទឆ្លាតវៃ គឺជាបញ្ហាធំមួយនៅអ៊ីរ៉ង់។ សេចក្ដីរាយការណ៍របស់ទីភ្នាក់សារព័ត៌មាន Tasnim ចុះផ្សាយថា អ៊ីរ៉ង់ មានអ្នកប្រើប្រាស់ស្មាតហ្វូនចំនួន ៤០លាននាក់ ហើយទូរស័ព្ទភាគច្រើន ត្រូវបានគេនាំចូលដោយខុសច្បាប់។
នៅក្នុងកិច្ចប្រឹងប្រែងមួយដើម្បីទប់ស្កាត់ការប្រើប្រាស់ស្មាតហ្វូនដែលនាំចូលដោយខុសច្បាប់ អ៊ីរ៉ង់ នឹងចេញច្បាប់មួយ ទាមទារឱ្យអ្នកផ្គត់ផ្គង់ស្មាតហ្វូនទាំងអស់ ត្រូវតែចុះឈ្មោះនៅឯអង្គភាពទិន្នន័យទំនាក់ទំនងរបស់រដ្ឋាភិបាល។

ប្រការខាងលើគឺមានន័យថា បើសិនអ្នកមានទូរស័ព្ទមួយគ្រឿងដែលមិនទាន់បានចុះឈ្មោះនោះទេ អ្នកនឹងមិនអាចប្រើវាបាននៅក្នុងប្រទេសអ៊ីរ៉ង់។ ប៉ុន្តែ សូមបញ្ជាក់ថា ច្បាប់នេះ នឹងមិនប៉ះពាល់ដល់ អ្នកដែលកំពុងប្រើប្រាស់ស្មាតហ្វូន មុននឹងច្បាប់នេះ ចូលជាធរមាន។
ប្រធានគម្រោងទប់ទល់នឹងការរត់ពន្ធទូរស័ព្ទនៅអ៊ីរ៉ង់ ថ្លែងថា “បើសិន Apple មិនចុះឈ្មោះជាផ្លូវការនៅប៉ុន្មានថ្ងៃខាងមុខនោះទេ នោះ iPhone ទាំងអស់នឹងត្រូវរដ្ឋាភិបាលរឹបអូស”។
ប្រែសម្រួល ៖ បុត្រា